មន្ទីរឃុំឃាំងស្ថិតនៅទីក្រុង Natal ប្រទេសប្រេស៊ីល ដែលជាកន្លែងមានអំពើហិង្សាស្លាប់២៦នាក់ ដោយសារតែក្រុម បងធំនៅទីនោះសងសឹកគ្នាមិនចេះចប់មិនចេះហើយ។
ហេតុការណ៍នេះធ្វើឲ្យប្រធានាធិបតីប្រេស៊ីលលោក Michel Temmer កាល ពីថ្ងៃទី១៧ ខែមករា បានប្រកាសថា នឹងសាងសង់មន្ទីរឃុំឃាំង៣០កន្លែង ផ្សេងទៀត នៅក្នុងឆ្នាំនេះ ក្នុងគោលដៅ បញ្ចៀសការដាក់អ្នកទោសលើកចំនួនបង្កឲ្យមានអំពើហិង្សាកើតឡើងជាបន្ត បន្ទាប់។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋា ភិបាលប្រេស៊ីលបានប្រកាសចំណាយ ប្រាក់១ពាន់លានរៀល (Real) ប្រមាណ ជាង៣០០លានដុល្លារអាមេរិកដើម្បីដោះស្រាយវិបត្តិខ្វះមន្ទីរឃុំឃាំង។ បច្ចុប្បន្ន ប្រេស៊ីលកំពុងតែឃុំឃាំងអ្នកទោស ប្រមាណជាង ៦២០ពាន់នាក់។ មន្ទីរ ឃុំឃាំងថ្មីនឹង បង្កើនសន្តិសុខការពារតឹងតែងបំផុតចៀសវាងមានអំពើហិង្សាកើតឡើង។
អំពើហិង្សាកើតឡើងនៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលក្នុងរយៈជាង២សប្តាហ៍ដើមឆ្នាំ២០១៧ មានអ្នកស្លាប់រហូតដល់ទៅ១៤០នាក់ហើយ នៅក្នុងអំពើហិង្សា៣លើកផ្សេងគ្នានៅក្នុងមន្ទីរឃុំឃាំង។
ភាគច្រើនអំពើហិង្សាកើតឡើងដោយសារតែវិវាទដណ្តើមទីតាំងរបស់ក្រុម ជួញដូរគ្រឿងញៀន ធំៗក្នុងប្រទេសនេះ។ មន្ទីរឃុំឃាំងភាគច្រើននៅប្រទេសប្រេស៊ីលគ្រប់គ្រងដោយក្រុមបងធំទាំងនោះ ហើយទើបរដ្ឋាភិបាលសម្រេចសាងសង់ បន្ថែមទៀតដើម្បីបញ្ចប់ការគ្រប់គ្រង ដោយក្រុមជួញដូរគ្រឿងញៀន ។
ការសម្រេចរបស់ប្រធានាធិបតីកើតឡើងក្រោយពេលក្រុមបងធំជួញដូរគ្រឿងញៀននៅប្រេស៊ីលបានវាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នា ស្ថិតក្នុងមន្ទីរឃុំឃាំង Alcabuz សម្លាប់ មនុស្ស២៧នាក់ និង៩នាក់រងរបួស។
នៅក្នុងសន្និសីទកាសែតមន្ត្រីសន្តិសុខរដ្ឋ Rio Grande Do Norte បានឲ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី១៥ ខែមករា រវាងក្រុមជួញដូរគ្រឿងញៀន២ផ្សេង គ្នាដែលមានឥទ្ធិពលក្នុងប្រទេសពី សកម្មភាពជួញដូរថ្នាំញៀន និងចិត្ត សាហាវព្រៃផ្សៃ។
ហេតុការណ៍ខាងលើកើតឡើងដោយក្រុមជួញដូរគ្រឿងញៀនឈ្មោះថា Primeiro Comando Da Capital បានបើកការ វាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នាបណ្តាលឲ្យមានមនុស្ស២៧នាក់ស្លាប់ និង៩នាក់រងរបួស។ សកម្មភាពវាយប្រហារគ្នាអូសបន្លាយជាច្រើនម៉ោងទើបប៉ូលិសគ្រប់គ្រងបាន។
ចាប់តាំងពីដើមឆ្នាំ២០១៧ មកទល់ ពេលនេះមានអំពើហិង្សាកើតឡើងក្នុង មន្ទីរ ឃុំឃាំងប្រេស៊ីលជាច្រើនលើក សម្លាប់មនុស្ស១៤០នាក់។ នៅថ្ងៃទី១៥ ខែមករា នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រេស៊ីលបានប្រកាសថា នឹងចំណាយ ប្រាក់បន្ថែមសម្រាប់រក្សាសន្តិសុខនៅក្នុងមន្ទីរឃុំឃាំងចៀសវាងការវាយប្រហារគ្នាកើតឡើងដដែលៗ៕
ប្រែសម្រួល៖ ម៉ែវ សាធី