ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានបញ្ជាក់ថា ៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតួនាទីយ៉ាងក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ”។ លោកប៉ាសុជាតិវង្ស បានថ្លែងបែបនេះ ក្នុងពធី ជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ចំនួន ១៧៥រូប កាលពីព្រឹកថ្ងៃទី១៩ខែមករានេះ។ លោកអភិបាល បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខបងប្អូន ជាពិសេសបន្ទាប់ពីខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ត្រូវបានធ្វើ សមាហរណ៍កម្មចំណុះមន្ទីរកសិកម្ម។
លោកបានបន្តថា៖ ទន្ទឹមនេះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារអោយថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសតូវយកចិត្តទុកដាក់កំណត់ភារកិច្ចឱ្យបានច្បាស់លាស់ឡើងវិញ ឱ្យមានរបៀបរបបការងារ របបប្រជុំត្រួតពិនិត្យការងារត្រឹមត្រូវ ដើម្បីឱ្យការងាររឹងមាំ និងសាមគ្គីភាពផ្ទៃក្នុង។ ជាងនេះទៀត ការិយាល័យជំនាញនីមួយៗ ត្រូវស្វែងយល់ និងមានផែនការសកម្មភាពឲ្យបានច្បាស់លាស់ និងជម្រុញអនុវត្តឲ្យបានជាប់ជាប្រចាំ។
លោកប៉ា សុជាតិវង្ស បញ្ជាក់ថា៖ បងប្អូនមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញត្រូវ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពក្នុងរាជធានីឲ្យមានភាពប្រសើរឡើងស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល៕ សំរិត