ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះលោក ម៉ៅ ហាជី បានបង្ហាញវត្តមានក្នុងផលិតកម្មជាផ្លូវការហើយបន្ទាប់ពីបញ្ចប់រឿងរ៉ាវចម្រូងចម្រាសរំលោភកិច្ចសន្យាជាមួយនឹងទូរទស្សន៍ហង្សមាស។ អតីបេក្ខជន Cambodian Idol ក៏បានចេញបទចម្រៀងថ្មីមួយបទជាចំណងដៃផ្ញើជូនអ្នកគាំទ្រផងដែរ។
ម៉ៅ ហាជី បានស្ងប់ស្ងាត់ជាមួយនឹងផលិតកម្មថោនពេញមួយឆ្នាំបន្ទាប់ពីទូរទស្សន៍ហង្សមាសបានដាក់ពាក្យបណ្តឹងទៅកាន់តារាចម្រៀងរូបនេះរឿងរំលោភកិច្ចសន្យា។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះនៅតែមានវត្តមានក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីតូចធំមួយចំនួនជាហូរហែរ។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលសម្រាប់ដើមឆ្នាំនេះគឺម៉ៅ ហាជី នឹងចេញបទចម្រៀងSolo Album (មួយវ៉ុលផ្តាច់មុខ) ក្នុងពេលដ៏ខ្លីខាងមុខនេះ។
យោងតាមគេហទំព័រផ្លូវការរបស់ផលិតកម្មថោន លោក ម៉ៅ ហាជីបានបង្ហាញវត្តមានដោយបញ្ជាក់ពីវត្តមានក្នុងផលិតកម្មធំមួយនេះ។ ក្រៅពីនេះលោកបានចេញបទចម្រៀងថ្មីដំបូងគេមួយបទគឺបទ”រៀនសាលាណា?” ។
គេចាំបានដែរថា ម៉ៅ ហាជីបានចូលច្រៀងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ Cambodian Idol រដូវកាលទីមួយដោយលោកបានចូលប្រឡងដល់វគ្គផ្តាច់ព្រ័ត្រ។ វគ្គ Live Show បេក្ខជនទាំង១២នាក់ ចុងក្រោយក្នុងនោះមានលោកម៉ៅ ហាជីផងដែរ ត្រូវបានទូរទស្សន៍ហង្សមាសចុះកុងត្រារយៈពេលមួយឆ្នាំ។ ក្រោយបញ្ចប់ការប្រកួតប្រជែងពានកម្មវិធីប្រឡងចម្រៀងCambodian Idol រដូវកាលទី១ត្រូវបានទៅលើតារាចម្រៀង នី រតនា។ មិនបានប៉ុន្មានផងស្រាប់តែ តារាចម្រៀងរូបនេះបានការបង្ហាញវត្តមាននៅផលិតកម្មថោនទាំងមិនទាន់ផុតកិច្ចសន្យាផងរហូតលេចចេញនូវភាពចម្រូងចម្រាស ដោយស្ថានីយទូរទស្សន៍ហង្សមាសបានសម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុងភ្នំពេញ៕ វឌ្ឍនា
https://youtu.be/-R9ITauiSRE