ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកព្រះស្តេចសង្កាត់ព្រែកព្រះ ស្តេចបានចោទអាជ្ញាធរខេត្តបាត់ដំបងថាបានឃុបឃិតគ្នា កាត់ដីក្នុងបរិវេណវិមាន សព ដែលជាដីតម្កល់សពបុព្វបុរសខ្មែរ លក់ចែកគ្នាយ៉ាងអនាធិបតេយ្យ ។
ប្រជាពលរដ្ឋបានលើកឡើងថា ដីក្នុង បរិវេណវិមានសព ជាទីកន្លែងសម្រាប់តម្កល់ សាកសពបុព្វបុរសខ្មែរដែលបានបូជាឈាមស្រស់សាច់ស្រស់នៅក្នុងសមរភូមិកាលពីសម័យសង្គ្រាមដែលមានទីតាំងស្ថិតក្នុង ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពេលនេះត្រូវបានអាជ្ញាធរ ខេត្តបាត់ដំបងឃុបឃិតគ្នាពុះកាត់ជាពីរ ដើម្បីយកដីលក់ ។
លោក តោ ហុន ចៅសង្កាត់ព្រែកព្រះ ស្តេចបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ថា រឿងកាត់ពុះ ដីនៅក្នុងវិមានសពលក់ គឺពលរដ្ឋចេះតែ និយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ។
យ៉ាងណាក្តីលោកក៏បានចូលរួមមើលការវាស់វែងដែរប៉ុន្តែការលក់ ឬមិនលក់លោកមិនបានដឹងទេព្រោះវាជារឿងរបស់ថ្នាក់លើ ។
ចំណែកលោក សៀងឯម វ៉ូនស្ហី អភិបាល ក្រុងបាត់ដំបង ក៏បានប្រាប់ឲ្យដឹងដែរថា រឿង ដីនៅក្នុងវិមានសពគឺមិនមានការលក់ដូរដូចប្រជាពលរដ្ឋលើកឡើងនោះទេ លោកបាន សួរទៅលោកអភិបាលរងខេត្ត លោក ងួន រតនៈ បានប្រាប់ថា ការរៀបរបងខណ្ឌនេះផ្នែកខាងមុខគឺបានកែច្នៃធ្វើរមណីយដ្ឋានទេស ចរណ៍វិមានសពដោយតុបតែងធ្វើជា សួនច្បារអាងហែលទឹក កន្លែងហាត់ប្រាណ និងធ្វើជាស្តូបតម្កល់អធិធាតុសម្រាប់គោរព វិញ្ញាណក្ខន្ធ ។
ដោយឡែកផ្នែកខាងក្រោយគឺមាន គម្រោងធ្វើជាឧស្យាន ដោយប្រមូលយកដើមឈើណាដែលកម្រយកមកដាំជាការលំអរ ៕ ហេង នរិន្ទ្រ