រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួបអង្គការសង្គមស៊ីវិល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជួប ប្រជុំជាមួយតំណាង អង្គការសង្គមស៊ីវិលចំនួន១៨ ដែលសម្របសម្រួលដោយវេទិកានៃអង្គការមិនមែន រដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ កិច្ចគាំពារបរិស្ថាន និងការការពារ និងការ អភិរក្សធនធានធម្មជាតិ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់តំណាង អង្គការសង្គមស៊ីវិល លោករដ្ឋមន្ត្រីបានស្នើឱ្យអង្គការដៃគូទាំងអស់ពិនិត្យ និងកែ សម្រួលនូវឥរិយាបថ និងសកម្មភាពជាក់ស្តែងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើកិច្ចការដ៏សំខាន់នេះ ដើម្បីឆ្លុះបញ្ចាំងនូវការអនុវត្តតាមស្មារតីនៃវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធាន ធម្មជាតិ ។

លោកបានបញ្ជាក់នូវវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចរបស់វេទិកាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានជាអាទិ៍ ១-ការបង្កើនការងារល្បាតរួមគ្នាជាមួយ កម្លាំងសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ២-ការជួបប្រជុំពិភាក្សានិង ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងទំនាស់ដីធ្លី នៅតាមបណ្តាខេត្ត ៣-ការជ្រើសរើសមន្ត្រី ឧទ្យានុរក្សចំនួន ៣០០នាក់បន្ថែម ៤-ការ រៀបចំអនុវត្តគម្រោងជួយលើកកម្ពស់ជីវភាពសហគមន៍សាកល្បងដោយប្រើប្រាស់ថវិកាជាតិ ៥-ការបណ្តុះបណ្តាលពង្រឹង សមត្ថភាពមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើន ប្រសិទ្ធភាពល្បាត និងការអនុវត្តច្បាប់ និង ៦-ការរៀបចំបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ គ្របដណ្តប់ លើផ្ទៃដីប្រមាណ១,៤លានហិកតា ដែល នឹងធ្វើឱ្យវិសាលភាពនៃ ប្រព័ន្ធតំបន់ការពារធម្មជាតិទាំងមូលកើនឡើងរហូតដល់ ប្រមាណជាង៧,៣លានហិកតា ។

ទន្ទឹមនឹង នោះ លោករដ្ឋមន្ត្រីក៏បានទទួលយកនូវ សំណូមពរសម្រាប់បន្តកិច្ចសហប្រតិបត្តិ ការក្នុងឆ្នាំ២០១៧ ហើយបានស្នើឱ្យអង្គ ការដៃគូនីមួយៗគិតគូរផែនការការងារ ក៏ដូចជាលើកឡើងនូវបញ្ហាឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាអនុវត្ត និងដោះស្រាយឱ្យមាន ប្រសិទ្ធភាព។ ដើម្បីជាដំណោះស្រាយរយៈ ពេលយូរអង្វែងសម្រាប់សហគមន៍មូល ដ្ឋាន ក៏ដូចជាសង្គមជាតិទាំងមូលលោករដ្ឋមន្ត្រីបានស្នើឱ្យអង្គការដៃគូទាំងអស់ពិចារណាកែប្រែជំនួយអន្តរាគមន៍នានា ពីកម្រិត សហគ្រាសសង្គម ទៅជាសហគ្រាសសេដ្ឋកិច្ច ៕ ហេង សូរិយា

...

brithan (2) brithan (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print