ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រី៦នាក់និងជនជាតិថៃ៦នាក់ទៀតសរុប១២នាក់ ធ្វើដំណើរតាមរថយន្ត១គ្រឿងបានជួបហេតុការណ៍អាក្រក់មួយ ដោយរថយន្តបែកកង់ក្រោយរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ នាំឱ្យអ្នកធ្វើដំណើរក្នុងរថយន្តទាំងជនជាតិខ្មែរនិងថៃបានស្លាប់និងទទួលរងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្បែរជើងភ្នំខ្លែង ក្នុងស្រុកណងយ៉ៃ ខេ្តឈុនបុរី ប្រទេសថៃ។
ជុំវិញនៃហេតុណ៍នេះដែរ បើតាមការដកស្រង់ព័ត៌មានពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់មានជនជាតិថៃម្នាក់ជាអ្នកបើករថយន្តតែម្តងបានស្លាប់នៅកន្លែងកើតហេតុរថយន្តគាបសង្កត់ពីលើ ចំណែកជនជាតិខ្មែរ មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតនោះឡើយគ្រាន់តែរងរបួសធ្ងន់និងស្រាលប៉ុណ្ណោះ ត្រូវបានរថយន្តពេទ្យរបស់ថៃដឹកបញ្ជូន យកទៅសង្រ្គោះជីវិតនៅក្នុងមន្ទីរពេទ្យនៃខេត្តឈុនបុរី។
បើតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ជនជាតិខ្មែរទាំង៦នាក់ពួកគេធ្វើដំណើរទេសចរណ៍កំសាន្តនៅក្នុងប្រទេសថៃដោយចេញដំណើរពីចំណតរថយន្តមួយកន្លែងក្នុងខេត្តឈុនបុរី គោលបំណងទៅខេត្តត្រាត។
ប្រភពព័ត៌មានឱ្យដឹងទៀតថា រថយន្តដឹកផ្ទុកជនជាតិខ្មែរថៃរងការក្រឡាប់ដោយបើកបរល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើរថយន្តបែកកង់ក្រោយផ្នែកខាងឆ្វេង ធ្វើឱ្យតៃកុងរថយន្តបាត់ម្ចាស់ការខ្លួនឯង ភ័យស្លន់ស្លោ នាំឱ្យរថយន្តរ៉េចង្កូតធ្លាក់ផ្លូវចូលប្រឡាយ បណ្តាលឱ្យក្រឡាប់តែម្តង។ជនជាតិខ្មែរទាំង៦នាក់ដែលរងរបួសត្រូវបានគេស្គាល់អត្តសញ្ញាណនោះហើយ មានឈ្មោះ១,ស៊ី ឡៃ ភេទស្រី អាយុ៣២ឆ្នាំ ២,ឡុង កល្យាណ ភេទស្រី អាយុ២០ឆ្នាំ ៣,ញ៉ែម សុភក្តិ ភេទប្រុសអាយុ២៨ឆ្នាំ ៤,សន សួន ភេទប្រុស អាយុ៥០ឆ្នាំ ៥,ពៅ ក្លឹប ភេទ ប្រុស អាយុ៥២ឆ្នាំ និង៦,ថា កុសសល ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនរងគ្រោះជនជាតិថៃទាំងនោះកំពុងស្ថិតក្នុងការសង្រ្គោះនៅមន្ទីរពេទ្យស្រុកណងយ៉ៃ ខេត្តឈុនបុរី តែម្តង៕ សំ វិច្ឆិកា