ខេត្តស្ទឹងត្រែង៖ រថយន្តសាំយ៉ុងដឹកអ្នកដំណើរចេញពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគីរីផ្ទុកមនុស្ស១៣នាក់ មិនបានប្រយ័ត្នវាក់នឹងម៉ូតូមន្ត្រីនគរបាលម្នាក់បត់មិនមើលក្រោយបុកម៉ូតូពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកធ្វើឲ្យកអ្នកបើកបរម៉ូតូ និងតៃកុងរថយន្តនឹងស្រ្តីម្នាក់ដែលរួមដំណើបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយ អ្នកផ្សេងទៀតរងរបួស។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះបង្គោល៥០២-៥០៣ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក ឡត ម៉ារ៉ន មេប៉ុស្តិ៍ក្បាលរមាសបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ខាងលើទី១.ឈ្មោះ សាវ ម៉ក់ ភេទប្រុស អាយុជាង៥០ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ទី២.ឈ្មោះ លឿង ណារី ភេទស្រី អាយុ៥២ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅភូមិអូរតាតិល ឃុំ-ស្រុក-ខេត្តរតនគីរី និងជនរងគ្រោះទី៣.ឈ្មោះ ព្រំ ម៉ាញ ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីប៉ូលីសប្រចាំការនៅភូមិក្បាលរមាស ក្នុងស្រុកសេសាន។ ចំណែកមនុស្សជិះក្នុងរថយន្តជាច្រើនអ្នកទៀតរបួសធ្ងន់-ស្រាល។
លោកបន្តឲ្យដឹងទៀតថា រថយន្តសាំយ៉ុងដឹកអ្នកដំណើរមុនកើតហេតុបានចេញពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរីដោយមានអ្នកដំណើរ១៣នាក់ ហើយរថយន្តដែលជួបគ្រោះថ្នាក់ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-3923 បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសម៉ូតូ។ រីឯម៉ូតូស៊ុយហ្ស៊ុយគីស្មាក់ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយមន្ត្រីប៉ូលីសខាងលើ ដោយនៅមុនកើតហេតុមិនបានមើលក្រោយ បណ្តាលឲ្យរថយន្តគេចមិនទាន់ ក៏បុកពេញទំហឹងធ្វើឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ចំណែករថយន្តបានធ្លាក់ទៅក្នុងប្រឡាយទឹក បណ្តាលឲ្យស្លាប់អ្នកបើកបររថយន្ត និងស្ត្រីរួមដំណើរម្នាក់ផង។ រីឯអ្នករួមដំណើជាច្រើនត្រូវរងរបួសធ្ងន់ស្រាល បច្ចុប្បន្នត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ វាស់វែងរួចយកម៉ូតូ និងរថយន្តមកកាន់ការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ មាស សុផាត