ខ្សឹបដាក់ត្រចៀកៈ មហាឧកញ៉ាព្រីងបើកល្បែងកន្ទុយលេខមួយថ្ងៃ៤ពេល ហេតុអីអាជ្ញាធរមិនហ៊ានបង្រ្កាប?

ចែករំលែក៖

ភ្នំពេញៈល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញនៅតែកើតមានពេញបន្ទុក ជាពិសេសល្បែងកន្ទុយលេខតែម្តង ដែលក្រុមមេបនល្បែងទាំងនេះមិនចាត់ទុកបទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែមានវិធានការបង្ក្រាប បនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាននោះជាបានការឡើយ ។
ក្រៅពីល្បែងភ្នាល់បាល់ បៀអាប៉ោង ជល់មាន់ ។ល។ ល្បែងកន្ទុយលេខជាល្បែងដុះ ស្លែមួយមិនងាយបង្រ្កាបបាន ព្រោះគេបើកលេងយ៉ាងត្រជាក់ប្រម៉ាត់រហូតដាក់តុកណ្តាលផ្សារកត់កន្ទុយលេខយកលុយពីអ្នកលក់ត្រកួន ព្រលិត យ៉ាងស្រួល ដែលទាំងនេះចាត់ទុកថា មេបនល្បែងពិតជាខ្លាំងជាងសមត្ថកិច្ចទើបសមត្ថកិច្ចបង្រ្កាបមិនងាយអស់ ។
ក្នុងចំណោមមេបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានីភ្នំពេញ គេបានសង្កេតឃើញ មានមេល្បែងតែម្នាក់គត់បានក្លាយទៅជាឧកញ៉ាដោយសារបើកល្បែងមួយនេះគឺឧកញ៉ាព្រីង។ឧកញ៉ាព្រីងមានទីតាំងកត់កន្ទុយលេខ ដ៏ធំបំផុតនៅខាងក្រោយមណ្ឌលសុខភាពទឹកថ្លាម្តុំជីនណាន ស្ថិតក្នុងភូមិថ្នល់ខាង លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ និងមានសាខារបស់គាត់ជាច្រើនទៀតរាយនៅតាមបណ្តាខណ្ឌមួយចំនួន មិនងាយសមត្ថកិច្ចណា បង្រ្កាបបានទេ ព្រោះគាត់មានលុយទាក់ទងទងសមត្ថកិច្ចថ្នាក់លើ និងចេះប្រើសិលសណ្តំ អាជ្ញាធរមូលដ្ឋានមិនឲ្យកម្រើកបាន ។
កូនកញ្ច្រែងកត់កន្ទុយលេខស៊ីភាគរយពីលោកឧកញ៉ាព្រីងជាច្រើនបាននិយាយថា ពីមុនលោកឧកញ៉ាព្រីង ទទួលលេងកន្ទុយលេខវៀតណាមតែពីរដងទេក្នុងមួយថ្ងៃ តែអីឡូវនេះទំនងគាត់មានអាជ្ញាប័ណ្ណឆ្នោតខ្មែរទៀត ទើបគាត់ឲ្យកូនកញ្ច្រែងទាំងនោះកត់កន្ទុយលេខ ឆ្នោតខ្មែរពីរពេលទៀត គឺពេលថ្ងៃនិងយប់ សរុបទាំងឆ្នោតខ្មែរ និងវៀតណាម ៤ ពេលទៅហើយក្នុងមួយថ្ងៃ ដូច្នេះគាត់សប្បាយកើបលុយណាស់ ព្រោះស៊ីច្រើន សងតិច មិនយូរមិនឆា ប់នឹងក្លាយជាមហាឧកញ៉ាកន្ទុយលេខមិនខាន បើសមត្ថកិច្ចមិនព្រមបង្រ្កាបទេនោះ ។
នៅពេលដែលលោកព្រីង ក្លាយជាមហាឧកញ៉ាកន្ទុយលេខយ៉ាងស្រួលយ៉ាងដូច្នេះ ទើបគេដឹងថា បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែមានវិធានការបង្ក្រាប បនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាននោះពិតជាគ្មានប្រសិទ្ធភាព ជាពិសេសការបង្កើតឲ្យមាននាយកដ្ឋាន បង្ការបង្រ្កាប ល្បែងស៊ីសង ក៏ពិតជាអសមត្ថភាពមិនហ៊ានទៅបង្រ្កាប តែម្តង ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនបានដាក់សំណួរថា ហេតុអីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាបមេបនល្បែងកន្ទុយលេខរបស់ មហាឧកញ៉ាព្រីង ? មហាឧកញ៉ាព្រីងខ្លាំង ឬសមត្ថកិច្ចខ្សោយ ? បើតែយ៉ាងនេះអ្នកអស់ដីធ្លីផ្ទះសម្បែងគឺអ្នកនិយមចាក់កន្ទុយ លេខឯណោះទេ ព្រោះល្បែងស៊ីច្រើនសងតិចនេះ ធ្វើឲ្យលោកព្រីងចំណេញកប់ក្តោងនិងក្លាយជាមហាឧកញ៉ា មិនខុសមែន ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print