ភ្នំពេញ៖ ការប្រណាំងម៉ូតូ SUPER CROSS អន្តរជាតិឆ្នាំ២០១៧ដែលគ្រោងធ្វើនៅទីតាំងសង្កាត់ព្រែកលៀបខណ្ឌប្ញស្សីកែវរយៈពេល២ថៃ្ងចាប់ពីថ្ងៃ១៨ដល់១៩ ខែកុម្ភៈឆ្នាំ២០១៧នោះទំនងជាមានវត្ត មានអ្នកជិះម៉ូតូលំដាបថ្នាក់អន្តរជាតិចំនួន៥រូបមកចូលរួមប្រកួត ។
នេះបើយោងតាមការបញ្ជាក់ពីលោក ពីជែរ កាទ្រី អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ SUPER CROSS អន្តរជាតិឆ្នាំ២០១៧ លើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថៃ្ងទី២៤ ខែមករា ឆ្នាំ២០១៧ ។
លោក ពីជែរ កាទ្រី បានបញ្ជាក់ថា ការ ប្រណាំងម៉ូតូ SUPER CROSS អន្តរជាតិ ឆ្នាំ២០១៧ នៅខែកុម្ភៈខាងមុខ មានអ្នកជិះម៉ូតូមកពីបរទេសចូលរួមនោះមានដូចជាប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ហ្វុីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ ការប្រណាំងម៉ូតូនេះមាន៥វិញ្ញាសាដូចជា Class A អ្នកជំនាញ បញ្ជាម៉ូតូកម្រិតខ្ពស់ Class B អ្នកបញ្ជាម៉ូតូ ជំនាញមធ្យម Class C កីឡាករវីអាយភីអ្នក បញ្ជាម៉ូតូចាប់ពីអាយុ៣០ឆ្នាំឡើង Class D ម៉ូតូត្រៃធម្មតាមិនមែនជាលក្ខណៈម៉ូតូហោះ និង Class I អ្នកបញ្ជាម៉ូតូកម្រិត ល្មមៗ។ ព្រឹត្តិការណ៍នេះកីឡាករអាចចុះឈ្មោះប្រកួតបាន២ទៅ៣វិញ្ញាសាក្នុងម្នាក់ អាស្រ័យលើសមត្ថភាពរបស់ពួកគាត់ ។
លោក ឡៅ លីហុក អគ្គនាយកប្រេង ម៉ាស៊ីន TOP1 បាននិយាយថា មូលហេតុ ដែលក្រុមហ៊ុនប្រេងម៉ាស៊ីន TOP1 សហការបង្កើតឲ្យមាន
ព្រឹត្តិការណ៍ ប្រណាំងម៉ូតូហោះ SUPER CROSS អន្តរ ជាតិ ឆ្នាំ២០១៧នេះឡើងគឺក្នុងគោលដៅចូលរួមបំផុសចលនាកីឡាប្រណាំងម៉ូតូនៅកម្ពុជាឲ្យកាន់តែមានសកម្មភាពផុស ផុលឡើងដូចបណ្តាប្រទេសដទៃក្នុងតំបន់ដែរ។
លោក មៀច សុផាន់ណា ប្រធាន សហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមហ៊ុនប្រេងម៉ាស៊ីនTOP1ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើងដោយលោកបានចាត់ទុកថាក្រុមហ៊ុន TOP1 គឺជាដៃគូសំខាន់របស់សហព័ន្ធកីឡាយានយន្តកម្ពុជាតែងតែបង្កើតឲ្យមានកម្មវិធីប្រណាំងម៉ូតូកម្រិតអន្តរជាតិនៅក្នុង ប្រទេសកម្ពុជា ។
ប្រធានសហព័ន្ធរូបនេះបានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះនឹងធ្វើឲ្យវិស័យកីឡាប្រណាំងម៉ូតូនៅកម្ពុជាកាន់តែ រីកចម្រើនដើរទាន់ប្រទេសជិតខាង ៕ សារីម