អ្នកទោសនៅមន្ទីរឃុំឃាំងប្រេស៊ីល១៥០នាក់ហែកគុករត់ចេញ

ចែករំលែក៖

ប្រេស៊ីលជាប្រទេសដែលមានបទ ល្មើសច្រើនពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះពន្ធនាគារសម្រាប់ដាក់អ្នកទោស ទាំងនោះហើយធ្វើឲ្យមន្ទីរឃុំឃាំងទាំង អស់ត្រូវដាក់អ្នកទោសលើសចំនួនបង្កឲ្យមានអំពើហិង្សាជាច្រើនកើតឡើង។

នៅពេលនេះអ្នកទោសស្ថិតនៅមន្ទីរឃុំឃាំងក្នុងទីក្រុងបារូភាគខាងត្បូងទីក្រុង សៅប៉ូឡូ ប្រទេសប្រេស៊ីលចំនួន១៥០ នាក់ បាននាំគ្នាហែកគុករត់ចេញពីពន្ធ នាគារកាលពីថ្ងៃអង្គារ បន្ទាប់ពីមានកុបកម្ម បណ្តាលឲ្យឆេះផ្នែកមួយចំនួននៅក្នុងពន្ធនាគាររួចមក។

ទីភ្នាក់ងាររដ្ឋបាល ផ្នែកពន្ធនាគាររបស់ រដ្ឋថា ក្រោយកើតហេតុដែលបណ្តាលឲ្យ អ្នកទោសជាង១៥០នាក់ រត់ចេញពីគុកនេះប៉ូលីសក៏បានតាមចាប់ខ្លួនអ្នកទោសបានប្រហែល១០០នាក់ មកវិញផងដែរ។

បើតាមមន្រ្តីយោធាលោក Flavio Kitazume បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កុបកម្មជាវិធីមួយដែលទាក់ ទងទៅនឹងឧបន្ទវហេតុអំពើហិង្សាថ្មីៗនៅ ក្នុងពន្ធនាគារ និងផ្នែកផ្សេងៗនៅក្នុង ប្រទេសប្រេស៊ីល។

ពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងពន្ធនាគារនេះដែរចាប់តាំងពីចូលឆ្នាំថ្មីមកនៅក្នុងប្រទេស ប្រេស៊ីល មានអ្នកទោសច្រើនជាង១៣០ នាក់ ហើយបានស្លាប់នៅក្នុងការប៉ះទង្គិចក្នុងពន្ធនាគារ ដែលបញ្ហានេះត្រូវបាន អាជ្ញាធរស្តីបន្ទោសទៅលើករណីឧក្រិដ្ឋ កម្ម។ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍ បានស្តី បន្ទោសទៅលើភាពណែនណាន់តាន់តាប់របស់អ្នកទោសក្នុងពន្ធនាគារទំាងនោះទៅវិញ។

ពន្ធនាគារនៅក្នុងទីក្រុងបារូ មិនមានអ្នកទោសណែនតាន់តាប់ដូចពន្ធនាគារផ្សេងៗ ទៀតក្នុងប្រទេសប្រេស៊ីលឡើយ បើយោង តាមទីភ្នាក់ងារសាធារណៈ Agencia Brasil បានឲ្យដឹងថា ពន្ធនាគារនេះមានអ្នកទោស ចំនួន១.៤២៧នាក់។

បើតាមមន្រ្តីពន្ធនាគារបានឲ្យដឹងថា ក្រុមអ្នកទោសទាំងនោះបាននាំគ្នាបះបោរ ប្រឆាំងនឹងវិន័យតឹងរ៉ឹងរបស់ពន្ធនាគារ។

កន្លងមកក្រុមបងធំជួញដូរគ្រឿងញៀននៅប្រេស៊ីលបានវាយប្រហារទៅលើសត្រូវ របស់ខ្លួនដែលជាប់ឃុំដូចគ្នាស្ថិតនៅមន្ទីរឃុំឃាំង Alcabuz សម្លាប់មនុស្ស២៧នាក់ និង៩នាក់រងរបួស។

នៅក្នុងសន្និសីទកាសែតមន្ត្រីសន្តិសុខរដ្ឋ Rio Grande Do Norte បានឲ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី១៥ ខែមករា រវាងក្រុមជួញដូរគ្រឿងញៀន២ផ្សេងគ្នា ដែលល្បាញនៅក្នុងប្រទេសពីសកម្មភាពជួញដូរ និងសាហាវព្រៃផ្សៃ។

ហេតុការណ៍ខាងលើកើតឡើងដោយក្រុមជួញដូរគ្រឿងញៀនឈ្មោះថា Primeiro Comando Da Capitalបានបើកការ វាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នាបណ្តាលឲ្យមានមនុស្ស២៧នាក់ស្លាប់ និង៩នាក់រងរបួស។ សកម្មភាពវាយប្រហារគ្នាអូសបន្លាយជាច្រើនម៉ោងទើបប៉ូលិសគ្រប់គ្រងបាន។

ចាប់តាំងពីដើមឆ្នាំ២០១៧ មកទល់ ពេលនេះមានអំពើហិង្សាកើតឡើងក្នុងមន្ទីរ ឃុំឃាំងប្រេស៊ីលជាច្រើនលើកសម្លាប់ មនុស្ស១៤០នាក់។ នៅថ្ងៃទី១៥ ខែមករា នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រេស៊ីលបានប្រកាសថា នឹងចំណាយប្រាក់បន្ថែមសម្រាប់រក្សាសន្តិសុខនៅក្នុងមន្ទីរឃុំឃាំងចៀសវាងការវាយប្រហារគ្នាកើតឡើងជាដដែលៗ៕

brazil (2) brazil (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print