ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើច្បាប់សំខាន់ទី៣ កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ចូលមកទឹកដីអាមេរិក ពិសេសពលរដ្ឋដែលមកពីតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ ទន្ទឹមនឹងនោះ លោក ត្រាំ ក៏នឹងអនុវត្តសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូផងដែរ។
សារព័ត៌មាន Guardian បានផ្សាយថា លោក ត្រាំ និយាយនៅក្នុងបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃទី២៤ ខែមករា ថា លោកនឹងកាត់បន្ថយចំនួនជនភៀសខ្លួនចូលទឹកដីសហរដ្ឋអាមេរិក ដោយសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូ។ នៅក្នុងគម្រោងកាត់បន្ថយជនភៀសខ្លួនចូលអាមេរិក ជនភៀសខ្លួនមកពីអុីរ៉ាក់ លីបី សូម៉ាលី សូដង់ ស៊ីរី និងយែមែន ពិបាកសុំសិទ្ធិជ្រកកោននៅអាមេរិក។
ប្រការដែលកាត់បន្ថយចំនួនពលរដ្ឋចូលទឹកដីអាមេរិក ពីសំណាក់លោក ត្រាំ បានក្លាយទៅជា ចំណុចរិះគន់ថ្កោលទោសពីមនុស្សជាច្រើន ក្នុងទឹកដីអាមេរិក ដែលមានជនអន្តោវេសន៍ជាច្រើនរស់នៅទីនោះ។ លោក ត្រាំ បញ្ជាក់ថា ការកាត់បន្ថយចំនួនជនអន្តោវេសន៍ចូលទឹកដីអាមេរិក គឺជួយដល់អាមេរិកឲ្យមានសុវត្ថិភាពជាងនេះ គេចផុតពីការគំរាមកំហែងពីក្រុមភេរវកម្ម ដែលបន្លំចូលមកតាមជនភៀសខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី