កីឡាករ វេង សុភ័ក្រ្ត និងឃីម បូរ៉ាឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី៣នៃការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាន់ TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមបាន រកឃើញកីឡាករ២នាក់បន្ថែមទៀតកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា គឺកីឡាករ វេង សុភ័ក្រ្ត មកពីក្លិបកងពល តូចឆត្រយោងលេខ៩១១ និងកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីវាយផ្តួលនិងយកឈ្នះដៃគូប្រកួតរៀងៗខ្លួនមក ។

សម្រាប់ការប្រកួតរវាងកីឡាករ វេង សុភ័ក្រ្ត នឹងកីឡាករ សំណាង សម្បត្តិ មក ពីក្លិបដួងសែនសុខគុនខ្មែរត្រូវបានអ្នក ទស្សនាកត់សម្គាល់ឃើញថា សំណាង សម្បត្តិ ចាញ់ប្រៀប វេង សុភ័ក្រ្តតាំងពីចាប់ផ្តើមប្រកួតទឹកទី១ម៉្លេះ។ មានកត្តាជាច្រើនដែលបង្ហាញពីលក្ខណៈឈ្នះមុនការប្រកួត រវាងកីឡាករ វេង សុភ័ក្រ្ត នឹង សំណាង សម្បត្តិ ដោយរយៈពេលប្រកួត២ទឹកក្នុងចំណោម៣ទឹក កីឡាករ សំណាង សម្បត្តិ ត្រូវ វេង សុភ័ក្រ្ត ប្រើស្នៀតជង្គង់ អុកទៅលើពោះបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ចំនួន៤ដង។ ដោយសារកាយសម្បទារបស់ សម្បត្តិមិនអាចរងនូវការវាយសន្ធាប់ និង ស៊ូទ្រាំតស៊ូជាមួយស្នៀតជង្គង់របស់ វេង សុភ័ក្រ្ត មិនបានលោកអាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួតត្រឹមទឹកចុងទឹកទី២ ដូច្នេះកីឡាករ វេង សុភ័ក្រ្ត ទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមរយៈប្រើស្នៀតជង្គង់ផ្តួលដៃគូប្រកួតឲ្យចុះចាញ់។

ដោយឡែកការប្រកួតប្រជែងកីឡាករ ឃីម បូរ៉ា នឹងកីឡាករ ឈាង សារុន មកពី ពន្លឺណេអុងពួកគេបានធ្វើឲ្យអ្នកទស្សនា ជក់ចិត្តខ្លាំងតាមរយៈបទពិសោធន៍វាយនៅលើសង្វៀនដ៏ប៉ិនប្រសប់ ។ ឃីម បូរ៉ា អាចមានប្រៀបឈ្នះសារុនដោយពិន្ទុបានយ៉ាងប្រផុតប្រផើយដោយសារការប្រើគឺស្នៀតកណ្តាប់ដៃ វាយបកសងភ្លាមៗ គឺមានន័យថាវាយសងទៅសងមក ប៉ុន្តែ ឃីម បូរ៉ា វាយចំគោលដៅបានល្អជាង សារុន ក្នុងចំណោម៣ទឹកនោះ ។

គួររំលឹកថា ចំពោះការប្រកួតកីឡា ប្រដាល់ក្បាច់គុនបុរាណខ្មែរដណ្តើមពាន រង្វាន់ TV5 KNOCK OUT SERIES ប្រភេទ ទម្ងន់៦០ គីឡូក្រាមនឹងបញ្ចប់វគ្គប្រកួត ជម្រុះ១៦ នៅសប្តាហ៍នេះ រួចបន្តធ្វើការ ប្រកួតវគ្គ៨នាក់ចុងក្រោយ ដើម្បីស្វែងរកកីឡាករតែ៤នាក់ប៉ុណ្ណោះ សម្រាប់ប្រកួតផ្តាច់ព្រ័ត្រគ្រងតំណែងកំពូលជើងឯក TV5 KNOCK OUT SERIES ប្រភេទទម្ងន់៦០គីឡូក្រាមអមជាមួយថវិកាចំនួន៤ពាន់ដុល្លារសម្រាប់កីឡាករទទួលបានចំណាត់ថ្នាក់លេខ១ ៕ សារីម

...

sarim (10) sarim (3) sarim (11) sarim (5) sarim (8) sarim (9) sarim (6) sarim (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print