ខេត្តបន្ទាយមានជ័យ៖ ដើម្បីបង្ការជៀសវាងការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តធន់ធំ និងបញ្ហាផ្សេងៗដែលអាចនឹងអាចកើតមានឡើងនៅក្នុងសង្គម នៅវេលាម៉ោង២០ និង០០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី សិុន ដៀប មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានដឹកនាំកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបានធ្វើតេស្តទឹកនោមដើម្បីរកសារជាតិញៀន នៅចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ស្ថិតក្នុងភូមិគោកក្រោល ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បើតាមការឱ្យដឹងពី លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់ឲ្យដឹងថា លទ្ធផលក្នុងការត្រួតពិនិត្យនេះ ត្រូវបានត្រួតពិនិត្យម៉ូតូ បានចំនួន២៨គ្រឿង រថយន្តតូច១២គ្រឿង រថយន្តធំ៧គ្រឿង មនុស្ស៨៧នាក់ ស្រី៣៨នាក់។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងទៀតថា ក្នុងនោះដែរកម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដែលជាតៃកុងឡាន ដែលមានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀនផងដែរ៕
ដោយ៖ សុខ ខេមរា