ខេត្តកំពង់ឆ្នាំង៖ ដើមឈើព្រៃលិចទឹកជាច្រើនប្រភេទ ត្រូវបានគេមើលឃើញថា បានរងនូវការកាប់បំផ្លាញសឹងរាល់ឆ្នាំក្នុងពេលដែលទឹកចាប់ផ្តើមស្រកនោះ ដើមឈើព្រៃលិចទឹកនេះ ត្រូវបានគេកាប់យកមកធ្វើអុសវាស់ម៉ែត្រលក់ ។
គេសង្កេតឃើញអុសប្រភេទដើមឈើព្រៃលិចទឹកនេះ ច្រើនដាក់លក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលនៅចំណុចនេះគឺជាចំណុចស្តុកទុកជាច្រើនសម្រាប់លក់ទៅឲ្យអតិថិជន ។
អុសព្រៃលិចទឹកទាំងនេះភាគច្រើនត្រូវបានអ្នកចំការកាប់ដឹកយកមកលក់ និងមួយចំនួនទៀតត្រូវបានថៅកែអុសចុះទៅទិញតាមចំការនៅតាមទន្លេយកមកអង្កន់លក់ជារៀងរាល់ឆ្នាំ ។ ចំពោះដើមឈើព្រៃលិចទឹកខាងលើនេះ មួយចំនួនត្រូវបានគេកាប់រានពង្រីកដីចំការ និងមួយចំនួនទៀតត្រូវបានគេក្រៀវឲ្យងាប់ពង្រីកយកដីធ្វើចំការ ហើយយកដើមឈើទាំងនោះមកលក់ធ្វើជាអុសដុត ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ដែលលក់អុសព្រៃលិចទឹកបានឲ្យដឹងថា កម្មករដែលស៊ីឈ្នួលអារអុសទាំងនេះ គឺ១ម៉ែត្រគូបបានប្រមាណពី២៥០០រៀល ទៅ៣០០០រៀល ហើយអុសដែលលក់ចេញមួយម៉ែត្រគូបពីជាង១ម៉ឺនរៀល ទៅ២ម៉ឺនរៀល តាមប្រភេទអុស ។
ប្រជាពលរដ្ឋបានប្រាប់ទៀតថា នៅកន្លែងដែលជាស្តុកអុសព្រៃលិចទឹកនេះ ឃើញមានសមត្ថកិច្ចពាក់ព័ន្ធទៅដែរ ប៉ុន្តែគ្រាន់តែទៅមើលបន្តិចបន្តួច ឬក្រវែលលិចកើត ហើយជួបនិងថៅកែលក់អុសរួចក៏ត្រឡប់ទៅវិញអស់ទៅ ដោយពួកគេមិនដឹងថា សមត្ថកិច្ចពាក់ព័ន្ធទាំងនេះមកជួបថៅកែអុសដើម្បីអ្វីនោះទេ ហើយអុសព្រៃលិចទឹកដែលភាគច្រើនជាប្រភេទដើមរាំង ដើមច្រកែង និងតាសេក ។
មជ្ឈដ្ឋាននានាបានស្នើឲ្យមន្ត្រីអាជ្ញាខេត្តមេត្តាជួយពិនិត្យមើលផង និងជួយទប់ស្កាត់កុំឲ្យមានការកាប់ព្រៃឈើលិចទឹកបន្តទៀត ព្រោះថាព្រៃលិចទឹកមានសារៈសំខាន់ចាំបាច់ណាស់ សម្រាប់ធនធានជលផល ។
ករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទបានប្រាប់ថា លោកពុំបានដឹងនោះទេ ប៉ុន្តែទោះជាយ៉ាងណាលោកនឹងចូលរួមទប់ស្កាត់ ហើយនឹងចាត់ឲ្យមន្រ្តីជំនាញចុះទៅពិនិត្យមើល ៕ ចន្ថា