ក្លិបបាល់ទាត់ Manchester City បាន បញ្ជាក់ថា ពួកគេពុំមានបំណងលក់ខ្សែ ប្រយុទ្ធសញ្ជាតិអាហ្សង់ទីនSergio Aguero ឡើយខណៈកីឡាករនេះមិនជាប់ជម្រើសដំបូងចំនួន២ប្រកួតមកហើយ ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំSergio Agueroបានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីឲ្យក្លិបManchester City កាលដើមរដូវកាលហើយ កិច្ចសន្យានេះនៅមានសុពលភាពចំនួន៣ឆ្នាំទៀត។ ចាប់តាំងពីការមកដល់របស់ខ្សែ ប្រយុទ្ធបេ្រស៊ីល Gabriel Jesus ក្នុងតម្លៃ ២៧លានផោនពីក្លិប Palmeiras ធ្វើឲ្យ Sergio Agueroបាត់ឱកាសជាប់ជម្រើស ១១នាក់ដំបូងរបស់លោកគ្រូបង្វឹក Pep Guardiola ចំនួន២ប្រកួតហើយ ដោយ Gabriel Jesus អាចរកគ្រាប់បាល់បាន៣គ្រាប់ក្នុងចំណោម២ប្រកួតដំបូងរបស់គាត់។
ទោះបីជាត្រូវអង្គុយជាកីឡាករបម្រុងក៏ដោយក៏ Sergio Agueroបានបញ្ជាក់ថា គាត់មិនទាន់ហ៊ានសម្រេចចិត្តយ៉ាងណានៅឡើយចំពោះអនាគតរបស់ខ្លួននៅក្នុងក្រុមManchester City ហើយរងចាំមើល រហូតដល់ចប់រដូវកាលសិនថាតើលោក Pep Guardiolaត្រូវការរូបគាត់ដែរឬយ៉ាងណា។
ស្របពេលដែលមានព័ត៌មានចចាម អារ៉ាមនៃអនាគតរបស់ Sergio Aguero ក្លិប Manchester City ក៏បានចេញមកអះ អាងថា ពួកគេគ្មានបំណងលក់គាត់ចេញ ឡើយដោយបញ្ជាក់បន្ថែមថា ការប្រកួត ប្រជែងយកតំណែងជាមួយនឹង Gabriel Jesus កាន់តែធ្វើឲ្យពួកគេទាំងពីរមានទម្រង់លេងកាន់តែល្អ។
ប៉ុន្តែព័ត៌មាននៅតែលេចឮថា ក្លិបReal Madrid និង Paris Saint-Germain កំពុង តែចាប់អារម្មណ៍នាំយកអតីតខ្សែប្រយុទ្ធ ក្លិប Atletico Madrid នេះទៅរួមក្រុមរបស់ ពួកគេ ៕ ដេវីត