ភ្នំពេញ ៖ លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ត ជាសកម្មជនដីធ្លីសហគមន៍បឹងកក់ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញចំនួនពីរនាក់ ។
ក្រោយការសាកសួរជិតពីរម៉ោង លោក ងិន ពេជ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំបានឃាត់ខ្លួនអ្នកទាំងពីរនោះទេ ដោយឲ្យត្រឡប់ទៅវិញ ។
ស្របពេលនៃការសាកសួរនេះ សកម្មជនដីធ្លីសហគមន៍បឹងកក់ជិត១០០នាក់បានប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើតុលាការរកយុត្តិធម៌ជូនមន្ត្រីលីកាដូនិងសកម្មជនដីធ្លីសហគមន៍បឹងកក់។
លោក អំ សំអាត បាននិយាយថា ការដែលព្រះរាជអាជ្ញា ចាត់ទុកលោក ថាជាជនសង្ស័យបែបនេះ គឺយោងទៅតាមរបាយការណ៍ដែលសមត្ថកិច្ចបានបញ្ជូនទៅ។ លោក អំ សំអាត បានអះអាងថា មន្ត្រីប៉ូលិស បានបញ្ជូនរបាយការណ៍ទៅឲ្យព្រះរាជអាជ្ញា ដោយចោទលោកថា ជាជនសង្ស័យ ក្នុងអំពើហិង្សានេះ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ អំពើហិង្សាមួយបានកើតឡើង ដោយការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខណ្ឌដូនពេញ ក្នុងពិធីដង្ហែក្បួនប្រារព្ធទិវាលំនៅដ្ឋានពិភពលោក។ កាលនោះ លោក អំ សំអាត ធ្លាប់និយាយថា លោក បានចូលទៅឃាត់សមត្ថកិច្ច និងប្រជាពលរដ្ឋ កុំឲ្យប្រើអំពើហិង្សាដាក់គ្នា។ ប៉ុន្តែ នៅពេលលោក អំ សំអាត កំពុងចូលឃាត់ ស្រាប់តែកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានប្រើកណ្ដាប់ដៃវាយលោកតែម្ដង៕
ដោយ៖ចេស្តា