ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបំផ្លាញ ទ្រព្យសម្បត្តិឪពុកម្តាយស្ទើរហិនហោច បានស្ទុះទៅចាប់សម្រាតស្ត្រីអ្នកបម្រើ ពេលចោមពុងក្រមាក្នុងបន្ទប់ទឹករំលោភតែមិនបានសម្រេច ខណៈដែលឪពុកម្តាយ យុវជនបែកថ្នាំនោះចូលទៅជួយទាន់ហើយ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាល ពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ សារិន តុសិតា អាយុ២២ឆ្នាំ គ្មានមុខរបរពិត ប្រាកដ មានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ខាងលើ។ ការ ឃាត់ខ្លួនធ្វើឡើងក្រោយពីនារីរងគ្រោះ ឈ្មោះ ខ.ស.ណ. អាយុ២២ឆ្នាំ ជាអ្នកបម្រើ ក្នុងផ្ទះជនសង្ស័យ និងឪពុកជនសង្ស័យ ឈ្មោះ ជា សារិ អាយុ៥០ឆ្នាំ បានមកប្តឹងពាក់ព័ន្ធប៉ងចាប់រំលោភស្រ្តីអ្នកបម្រើ និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងពាក់ព័ន្ធនឹងប្រើប្រាស់ថ្នាំញៀន ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចហើយលោក ក៏បានបញ្ជាកម្លាំងកងរាជអាវុធហត្ថចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។
នារីអ្នកបម្រើបានរៀបរាប់ថា មុនពេល កើតហេតុនាងកំពុងចោមពុងក្រមាចូលងូត ទឹកក្នុងបន្ទប់ទឹក ហើយភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ សារិន តុសិតា ស្ទុះច្រាន ទ្វារបន្ទប់ទឹកចូលទៅខាងក្នុង ហើយចាប់ សម្រាតក្រមានាងអស់ពីខ្លួននិងស្ទាបខ្លួនប្រាណនាងថែមទៀតផង។ នៅពេលនោះនាងក៏បានស្រែកឱ្យគេជួយហើយឪពុក ម្តាយរបស់ជនសង្ស័យកំពុងនៅក្នុងផ្ទះនោះ ដែរក៏ស្ទុះទៅចាប់ជនសង្ស័យចេញពីក្នុង បន្ទប់ទឹកនិងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។
ឪពុកម្តាយជនសង្ស័យបានឲ្យដឹងថា កូនរបស់គាត់ម្នាក់នេះមានប្រើប្រាស់ថ្នាំញៀន ហើយនៅពេលបែកថ្នាំម្តងៗធ្លាប់ វាយគាត់ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះទៀតផង។ មិនតែប៉ុណ្ណោះគេ បានលួចលក់ម៉ូតូឪពុកម្តាយដែលទិញឱ្យជិះអស់ជាច្រើនគ្រឿងមកហើយ។ ដូច្នេះ ពួកគាត់សុំឲ្យសមត្ថកិច្ចយកកូនប្រុសរូបនេះទៅចាត់ការតាមច្បាប់ចុះ ។
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថ កិច្ចបានបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ៕ សំ វិច្ឆិកា