ភ្នំពេញ៖ លោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និង ជាម្ចាស់បុរី៩៩៩ ទំនងជាមានចេតនាមិនចូលរួមសវនាការជាច្រើនលើកច្រើនសារ ។ តុលាការ រកឃើញជំហានដំបូងថា លោក ថោង សារ៉ាត់ ជាមេខ្លោងជួលឃាតកឲ្យបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ អ្នកមានស្តុកស្តម្ភនៅកម្ពុជា ។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ បន្តសវនាការរឿងក្ដីនេះ ដោយផ្តោតការស្តាប់ចម្លើយរបស់អង្គរក្សលោកថោង សារ៉ាត់ និង សាក្សី ។
សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនឡុង ជាតំណាងអយ្យការ និងលោក ទួត លុច ជាមេធាវីការពារជនជាប់ចោទ ។
សវនាការព្រឹកមួយថ្ងៃទី២៤ ខែមករា កន្លងទៅ ឈ្មោះ សៀង វាសនា ដែលតុលាការចោទប្រកាន់ថា ជាខ្មាន់កាំភ្លើង បានឆ្លើយតទល់គ្នាជាមួយលោក តេង វិសាល ជាអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ។
ជាការកត់សម្គាល់ ឈ្មោះសៀង វាសនា បានសួរទៅលោក តេង វិសាល ថា តើលោកវាយខ្ញុំនិងលី សៅ ដើម្បីអ្វី?លោក តេង វិសាល ឆ្លើយថា ពុំបានវាយទេ។ ឈ្មោះសៀង វាសនា សួរថា លោកបានបញ្ជាកូនចៅវាយខ្ញុំនិងលី សៅទេ ? លោក តេង វិសាល ឆ្លើយថា ពុំបានបញ្ជាឱ្យវាយទេ ។ ឈ្មោះសៀង វាសនា សួរថា ស្គាល់ហ៊ុន ទូច ឬទេ? លោក តេង វិសាល ឆ្លើយថា ស្គាល់ពេលចូលបំភ្លឺនៅប៉ូលិស។
ឈ្មោះ សៀង វាសនា បានសង្កត់ធ្ងន់ថា ហ៊ុន ទូច និងទូច សាវុធ ” ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ២ម៊ឺនដុល្លារពីប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹងអត់? លោក តេង វិសាល ឆ្លើយថា ពុំបានដឹងទេ ។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕ ចេស្តា