ការកាត់ក្តីឲ្យមេដឹកនាំគណបក្សប្រឆាំង លោក Alexei Navalny ជាប់ពន្ធនាគា៥ឆ្នាំ «ព្យួរទោស» ត្រូវបានគេចោទថាជារឿង នយោបាយសុទ្ធសាធ បំពេញតាមការចង់ បានរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដើម្បីដកសិទ្ធិគាត់ជាបេក្ខជនប្រធានាធិបតី។ ប្រការនេះដើម្បីកុំឲ្យលោកចូលប្រឡូកក្នុង ការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីក្នុងឆ្នាំ ២០១៨។
លោក Alexei Navalny ទទួលបានការ គាំទ្រពេញចិត្ត និងការប្តេជ្ញាចិត្តរបស់គាត់ប្រយុទ្ធនឹងអំពើពុករលួយដែលបន្តស៊ីរូងប្រទេស។ គាត់ល្បីដោយហ៊ានកកូរ កកាយទ្រព្យសម្បត្តិ ពួកមន្ត្រីរដ្ឋការណា ដែលស្តុកស្តម្ភមកផ្សព្វផ្សាយឲ្យប្រជាជនដឹងឮ។ ម៉្លោះហើយបានជាលោកក្លាយជាឥស្សរជនដែលមានគ្រោះថ្នាក់សម្រាប់រដ្ឋអំណាចក្រោមការដឹកនាំរបស់លោក ពូទីន។
តាមពិតការកាត់ទោសនៅថ្ងៃ៨ ខែ កុម្ភៈ កន្លងទៅជាការប្រកាសសាលក្រមឡើងវិញកាលពីឆ្នាំ២០១៣ ដែលបន្ទាប់ មកត្រូវបានគាត់ប្តឹងតវ៉ាទៅតុលាការអឺរ៉ុបខាងសិទ្ធិមនុស្ស ដោយបានកាត់ក្តីឲ្យគាត់ ឈ្នះថែមទាំងបានតម្រូវឲ្យរដ្ឋាភិបាល រុស្ស៊ីបង់ប្រាក់ជម្ងឺចិត្ត ៤៨.០០០អឺរ៉ូ ទៅ គាត់ទៀតផង។ ស្របនឹងការសម្រេច របស់តុលាការអឺរ៉ុប តុលាការកំពូលរុស្ស៊ី ក៏បានបញ្ជាឲ្យតុលាការខេត្ត Kirov នៅចម្ងាយ ៩០០គ.ម. ខាងកើតពីរដ្ឋធានី មូស្គូពិនិត្យមើលសំណុំរឿងគាត់សាឡើង វិញ។ ក្នុងខេត្តនេះដែរ ដែលកាលពីឆ្នាំ ២០០៩ គាត់បានធ្វើជាទីប្រឹក្សាអភិបាលខេត្តសេរីនិយម ហើយស្រាប់តែជាប់ចោទ ក្នុងការគៃបន្លំ ប្រាក់របស់ក្រុមហ៊ុនរដ្ឋខាងកាប់ឈើ អស់ប្រមាណកន្លះលានដុល្លារ៕
ប្រែសម្រួល៖ ម៉ែវ សាធី