ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើប្រណីតជាច្រើនគ្រឿង បានឆ្លងទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧(ណាំលៀ) ស្ថិតនៅក្នុងស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ខណៈឈ្មួញត្រៀមចេញ មិនតិចជាង៥០ឡាន ប៉ុន្តែនាយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឈើមួយចំនួនបានឆ្លងទៅវៀតណាម និងមួយចំនួនទៀតត្រូវបានអាក់ខាន បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទៅស៊ើបអង្កេតក្នុងករណីនេះ ។
សកម្មភាពដឹកជញ្ជូនឈើនេះត្រូវបានគេរាយការណ៍មកថា លោក យឹន ចន្ទី មេបញ្ជាការយោធាវរការពារព្រំដែនលេខ១០៣ និងលោកបញ្ញា ដែលត្រូវជាកូនបង្កើតលោក ខឹន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី គឺជាមេក្លោងឲ្យមានបទល្មើសដឹកជញ្ជូនឈើនេះ បន្ទាប់ពីសមត្ថកិច្ច គ្រប់គ្រងប៉ុស្តិ៍៧ បើកភ្លើងខៀវនោះ ។
ប្រជាសហគមន៍ព្រៃឈើ កំពុងប្រមាញ់ តាមដានអំពីសកម្មភាពរបស់ឈ្មួញដឹកជញ្ជូនឈើ ក្នុងនោះពួកគាត់ធ្លាប់រាយការណ៍ដោយផ្ទាល់រួចមកហើយទៅកាន់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយសំណូមពរឲ្យមានការទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែដោយហេតុថា យោធាការពារព្រំដែនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏ដូចជានគរបាលការពារព្រំដែន នគរបាលអន្តោប្រវេសន៍ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តមានភាពធូរលុង មិនបានគិតដល់ បទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងគូបផ្សំទាញយកផលប្រយោជន៍ពីបទល្មើសព្រៃឈើផងនោះ ឈ្មួញនៅតែមានឱកាសដឹកជញ្ជូនឈើប្រណីតឆ្លងទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងឡើងវិញតាមច្រកមួយនេះ ។
គំនរឈើប្រណីតជាច្រើនត្រូវបានគេលាក់ទុកនៅចំណុចឡៅកា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុពេជ្រជ្រាដា គោលបំណងរបស់លោកយឹន ចន្ទី និងឈ្មោះ បញ្ញា បម្រុងនឹងដឹកជញ្ជូនឈើយ៉ាងតិច៥០ឡានឲ្យអស់នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ប៉ុន្តែត្រូវបានអាក់ខាន បន្ទាប់ពីចេញបានមួយចំនួនធំនោះ ។
គួររំលឹកថា លោកយឹន ចន្ទី មេបញ្ជាការវរៈការពារព្រំដែនលេខ១០៣ ធ្លាប់រងបណ្តឹងប្រជាសហគមន៍ការពារព្រៃឈើ ក៏ដូចជាឈ្មួញដែលជាដៃគូរបស់ខ្លួនប្តឹងទៅតំណាងអយ្យការចោទប្រកាន់ពីបទអនុញ្ញាតឲ្យវៀតណាមយកត្រាក់ទ័រចំនួន៧៨គ្រឿងមកចូល និងដឹកជញ្ជូនឈើនៅចំណុចប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ស្ថិតក្នុងស្រុកពេជ្រ ជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែបណ្តឹងបទឧក្រិដ្ឋនេះ ត្រូវបានតំណាងអយ្យការ មិនទាន់មានចំណាត់ការ ឬដំណើរការនីតិវិធី ស្ករកៅស៊ូ ទើបរយៈពេលជាង៤ខែមកនេះ មិនទាន់ចេញជាលទ្ធផលបែបណា ។
លោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការចេញឈើតាមច្រកប៉ុស្តិ៍៧ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានប្រាប់នគរវត្តតាមទូរស័ព្ទថា «ខ្ញុំដូចជាមិនទាន់ដឹងថា មានការចេញឈើដល់ម្លឹង ម្យ៉ាងទៀត កម្លាំងគណៈកម្មការ ដែលបង្កើតឡើងដោយសាលាខេត្តមាននៅទីនោះ ហេតុអ្វីក៏មានលួចចេញស្ងាត់ៗបែបនេះទៅវិញ» ។ លោកបន្តថា ខ្ញុំនឹងយកចិត្តទុកដាក់ក្នុងរឿងនេះ និងមន្ត្រីឲ្យពិនិត្យឡើងវិញ ។
លោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បាននិយាយយ៉ាងដូច្នេះថា «ពួកអស់ទាំងនេះ គួរតែចាត់វិធានការចាប់ដាក់គុកឲ្យអស់ ហាក់ដូចពុំបានដឹងអំពីវិធានការ ដែលថ្នាក់លើបញ្ជាឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើ» ។ លោកមេបញ្ជាការបន្តថា ខ្ញុំមិនគាំទ្រទេចំពោះអំពើល្មើសច្បាប់ ពិសេសបទល្មើសព្រៃឈើនេះតែម្តង ហើយបើមានការចេញ ខ្ញុំក៏មិនទទួលខុសត្រូវដែរ ពីព្រោះថា នេះជាការទទួលខុសត្រូវរបស់មន្ត្រីយោធាព្រំដែន និងសមត្ថកិច្ចផ្សេងទៀត ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានចាប់អារម្មណ៍ក្នុងបទល្មើសដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមនេះ តាមទូរស័ព្ទជាមួយនគរវត្ត នាព្រឹកថ្ងៃដដែលនេះ លោកបញ្ជាក់ថា ខ្ញុំមិនទាន់ទទួលព័ត៌មានថា មានឈើចេញនៅឡើយទេ ប៉ុន្តែខ្ញុំ ទទួលព័ត៌មានពីមន្ត្រីមានភារកិច្ចនៅទីនោះលើកឡើងពីលទ្ធផលការងាររបស់ពួកគេ ។ ដូច្នេះ បើច្រកប៉ុស្តិ៍៧មានឈើចេញ ខ្ញុំមិនអនុញ្ញាតជាដាច់ខាត ម្យ៉ាងទៀតកម្លាំងចម្រុះរបស់ខេត្តក៏បានបង្កើតឲ្យមានការទប់ស្កាត់ ប៉ុន្តែពួកគេមិនទាន់រាយការណ៍ជុំវិញបញ្ហានេះ ។
ដោយឡែកលោកស្នងការនគរបាលខេត្តមណ្ឌលគិរី នគរដ្រេហ្គន មិនអាចទាក់ទងបានទេ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល ។
បញ្ហាបទល្មើសព្រៃឈើ ដែលមានការកាប់បំផ្លាញ គួរណាស់តែសមត្ថកិច្ច អាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចដែលខ្លួនកាន់កាប់ ហើយការដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម ក៏ជាតួនាទីភារកិច្ចរបស់យោធាការពារព្រំដែន នគរបាលការពារព្រំដែនចំណុះឲ្យសឹករងខេត្ត និងចំណុះឲ្យស្នងការនគរបាលខេត្តទប់ស្កាត់ ព្រោះថា បើសមត្ថកិច្ចទាំងនោះមិនបើកភ្លើងខៀវ រាល់ការកាប់បំផ្លាញព្រៃឈើ ការប្រមូលទិញ និងការដឹកជញ្ជូនទៅប្រទេសវៀតណាមពិតជាពុំអាចឈ្មួញធ្វើតាមអំពើចិត្តនោះ ។
គួរបញ្ជាក់ថា គំនរឈើនៅឡៅការជារបស់ បញ្ញា កូន ឃឹន ម៉េងស្រេង ។ រីឯគំនរឈើរបស់លោក យឹន ចន្ទី នៅចម្ការម្រេច ប៊ូស្រា ស្ថិតនៅក្នុងដីដែលគ្រប់គ្រងដោយបរិស្ថានខេត្ត គឺលោក វុធ សារុំ៕ សុខខេមរា