ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រួវបានសន្តិសុខយាមការដ្ឋានសំណង់ចាប់បានព្រមទាំងត្រូវគេវាយរងរបួសបែកមុខមាត់ ខណៈពេលដែលក្រុមជនសង្ស័យព្រួតគ្នាវាយប្លន់យកម៉ូតូពីបុរសរត់ម៉ូតូឌុបម្នាក់បានសម្រេច កាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមុខការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះសួន វណ្ណថន ហៅពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលម្តុំផ្សារធំទួលសង្កែរ ចំណែកម៉ូតូដែលត្រូវក្រុមចោរវាយប្លន់យកទៅបានសម្រេចម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ឡើងស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពត 1G-6119 ។
តាមការរៀបរាប់ប្រាប់ឲ្យដឹងពីជនរងគ្រោះថា មុនពេលកើតហេតុរូបគាត់ចេញមករត់ម៉ូតូឌុបដូចរាល់ដង លុះពេលជិះមកដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យមានគ្នា៦នាក់ ហៅគាត់ឲ្យឈប់ និងបានតថ្លៃ ។ ពេលដែលកំពុងតថ្លៃនោះគ្នាវា៤នាក់ធ្វើជាដើរទៅហួស ទុកតែ២នាក់ទេតថ្លៃ បូករួមទាំងជនសង្ស័យម្នាក់ដែលចាប់បានផង ។ ប្រភពដដែលបានបន្តទៀតថា ពេលជនសង្ស័យតថ្លៃរួច គ្នាវាម្នាក់បានស្ទុះមកវាយរូបគាត់ចំភ្នែកខាងស្តាំ ធ្វើឲ្យដាច់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយម្នាក់ទៀតស្ទុះលើកម៉ូតូជិះ ។ ចំណែក៤នាក់ដែលដើរទៅហួសនោះ បានរត់បកក្រោយវិញសំដៅរូបគាត់(ជនរងគ្រោះ) ឃើញសភាពការណ៍មិនស្រួលរូបលោកបានរត់យកតែរួចខ្លួនព្រមទាំងស្រែកថាចោរៗឲ្យគេជួយតែ គ្មានអ្នកណាអើរពើរឡើយ រហូតរត់ដល់ការដ្ឋានសំណង់ក្បែរនោះទើបបានសន្តិសុខស្ទុះចេញមកជួយ និងបានចាប់បានគ្នាវាម្នាក់ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃម្នាក់មួយជើងរងរបួសធ្ងន់ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ស្រះចក ដើម្បីតាមដានស្រាវជ្រាវចាប់បក្ខពួកដែលបានយកម៉ូតូទៅបាត់នោះយកមកវិញ ។
គួរបញ្ជាក់ផងដែរថា ទីតាំងចំណុចផ្លូវR6នោះ តែងតែមានអំពើវាយប្លន់ស្ទើររាល់យប់ គ្រាន់តែពេលខ្លះ ប្លន់មិនបានសម្រេច ហើយជនរងគ្រោះខ្ចិលទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ រីឯសមត្ថកិច្ចវិញប្រឹងល្បាតដែរ តែហាក់គ្មានវិធានការក្នុងការដោះស្រាយបញ្ហានេះសោះ ល្បាតដឹងតែល្បាត ល្បាតហើយចោរប្លន់ដដែល តើល្បាតដើម្បីអ្វី ៕ សុខាសែនជ័យ
...