សារព័ត៌មាន AFP បានដកស្រង់របាយការណ៍ស្តីពីជញ្ជីងយោធាជាប្រចាំរបស់ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ IISS បញ្ជាក់ថា ចិនបានចាប់ផ្តើមនាំចេញនូវអាវុធរបស់ខ្លួនទៅក្រៅប្រទេសក្នុងនោះមានយន្តហោះគ្មានមនុស្សបើកជាដើម។ ល្បឿននៃការផលិតអាវុធរបស់ចិនមាន ប្រហាក់ប្រហែលបណ្តាប្រទេសលោកខាង លិច។
របាយការណ៍បានឲ្យដឹងថា ប្រាក់ ចំណាយសម្រាប់ការពារជាតិចិនឈាន ដល់១៤៥ពាន់លានដុល្លារនៅក្នុងឆ្នាំ១០១៦ ច្រើនជាង១,៨ដងនៃប្រាក់ចំណាយសម្រាប់ ការពារជាតិរបស់កូរ៉េខាងត្បូងនិងជប៉ុន។
អគ្គនាយក IISS លោក John Chipman បានបញ្ជាក់ថា «ការរីកចម្រើនរបស់ ចិនអំពីយោធាបានបង្ហាញយ៉ាងច្បាស់ថា ការគ្រប់គ្រងលើវិស័យអាវុធរបស់ប្រទេសលោកខាងលិចមិនអាចស្ថិតស្ថេរដូចមុនបានឡើយ។ នៅពេលនេះចិនក៏បានលក់អាវុធទៅក្រៅប្រទេសច្រើនដូចប្រទេស លោកខាងលិចផងដែរ»។
តាមរបាយការណ៍របស់ IISS បាន បញ្ជាក់ថា តាំងពីអាស៊ីបានបង្កើនការ ចំណាយយោធាទ្វេដងលើសអឺរ៉ុបក្នុងឆ្នាំ ២០១២មក ការចំណាយក្នុងវិស័យនេះនៅអាស៊ីបានបន្តកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ពី៥ទៅ៦ភាគរយ។ តែបើនិយាយជាលក្ខណៈទូទៅនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៦វិញ ការចំណាយក្នុងវិស័យយោធាមានការធ្លាក់ចុះចំនួន០,៤ភាគរយ។
តំបន់ដែលបានកាត់បន្ថយចំណាយ យោធាគឺតំបន់មជ្ឈិមបូព៌ាដោយសារតែ តម្លៃប្រេងឆៅធ្លាក់ថ្លៃខ្លាំងពេក។ របាយ ការណ៍របស់ IISS ឲ្យដឹងថា ទ្វីបអាស៊ី បានស្រូបយកជាង១ភាគ៣នៃការចំណាយ យោធាសរុបក្នុងលោកក្នុងនោះថវិកាយោធាចិនតែម្នាក់ឯងក្នុងឆ្នាំ២០១៦ មានដល់ ទៅ១៤៥.០០០លានដុល្លារ។ យ៉ាងណាក៏ ដោយអាមេរិកបន្តស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយមានថវិកាយោធាចំនួន៦០៤.៥០០លានដុល្លារ រុស្ស៊ីស្ថិតនៅចំណាត់ថ្នាក់ទី៣ ជាមួយនឹងទឹកប្រាក់យោធាចំនួន៥៨.៩០០ លានដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយ នឹងទឹកប្រាក់៥៦.៩០០លានដុល្លារ អង់ គ្លេសចំនួន៥២.៥០០លានដុល្លារ និងបារាំង ចំនួន៤៧.២០០លានដុល្លារ។
របាយការណ៍របស់ IISS ដដែលបាន បញ្ជាក់ថា ចិនដែលពីមុនពឹងតែលើកម្មវិធីយោធាក្នុងជំនាន់សហភាពសូវៀត ឬមួយ រុស្ស៊ីសព្វថ្ងៃបានផ្តើមងាកទៅពឹងលើការស្រាវជ្រាវការអភិវឌ្ឍ និងការកសាងគ្រឿងសព្វាវុធជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួន វិញម្តង។ លើសពីនេះចិនក៏បានផ្តើមលក់គ្រឿងសព្វាវុធរបស់ខ្លួនទៅបរទេសដែរ។ សម្រាប់ក្រុមប្រទេសអឺរ៉ុបខាងកើត និងខាង ជើងរុស្ស៊ីនៅបន្តជាប្រភពគួរឲ្យបារម្ភ បើទោះបីជាថវិកាការពារជាតិរុស្ស៊ីក្នុងឆ្នាំ ២០១៦ មានការធ្លាក់បន្តិចក៏ដោយ។
នៅខាងក្រុមប្រទេសទាំង២៦ជាសមាជិករបស់អង្គការអូតង់វិញ ការចំណាយផ្នែកយោធាបានកើនឡើងតិចតួច តែមានប្រទេស សមាជិកចំនួន២គឺអេស្តូនី និងក្រិកបានគោរពកម្មវត្ថុត្រឹមត្រូវដោយចំណាយតែ២ភាគរយនៃផលិតផលសរុបសម្រាប់វិស័យការពារជាតិ។
បច្ចុប្បន្នចិនមិនត្រឹមតែផលិតបានអាវុធ ទំនើបៗលក់ទៅក្រៅប្រទេសក្នុងនោះមានទាំងយន្តហោះចម្បាំងនោះឡើយ គឺចិន ផលិតបានទាំងយន្តហោះសម្រាប់ដឹកអ្នកដំណើរទៀតផង។ នៅពេលអនាគតដ៏ខ្លី ខាងមុខចិននឹងក្លាយទៅជាអ្នកនាំចេញ សម្ភារយោនិងយន្តហោះដឹកអ្នកដំណើរ ផងដែរ។
បច្ចេកវិទ្យារបស់ចិនកាន់តែរីកចម្រើនជាលំដាប់ក្រោយពេលប្រទេសនេះទទួលបានជោគជ័យនៅក្នុងការផលិតយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់។ នៅពេលនេះចិនបានបញ្ចេញយន្តហោះសម្រាប់ដឹកអ្នកដំណើរក្នុងស្រុកជាលើកដំបូងរបស់ ខ្លួនដែលអាចចាប់ផ្តើមហោះហើរនៅឆ្នាំ ២០១៧នេះ។
យន្តហោះដឹកអ្នកដំណើរ C919 គឺជាស្នាដៃផលិតក្នុងស្រុករបស់ចិនសុទ្ធសាធ។ ក្រុមហ៊ុនផលិតយន្តហោះរដ្ឋ របស់ចិន ឈ្មោះ Comac បានអះអាងថា គេនឹងប្រឹងប្រែងប្រជែងឲ្យបានជាមួយយន្តហោះ Airbus A320 និងយន្តហោះ Boeing B737 ដែលជាយន្តហោះចម្ងាយមធ្យម ពេញនិយមជាងគេ។ យន្តហោះ C919 របស់ចិនមានសមត្ថភាពដឹកមនុស្សបាន ១៥០នាក់ ក្នុងរយៈចម្ងាយ៤.០៧៥គីឡូ ម៉ែត្រ។
ក្រុមហ៊ុនចិនឈ្មោះ Comac ជាអ្នក ផលិតយន្តហោះខាងលើនឹងត្រូវដាក់ឲ្យហោះហើរជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០១៧នេះ។
រដ្ឋាភិបាលនិងវិស័យឯកជន ចិនកំពុងព្យាយាមអភិវឌ្ឍការផលិតយន្តហោះដោយខ្លួនឯងដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរក្នុងស្រុកដែលកាន់តែកើន ឡើងជាលំដាប់។ មកទល់ពេលនេះមាន តែយន្តហោះ Airbus របស់អឺរ៉ុប និង Boeing របស់អាមេរិកប៉ុណ្ណោះដែលគ្រប់គ្រង ទីផ្សារអាកាសចរណ៍ស៊ីវីលនៅចិន។
ក្រុមហ៊ុន Comac ធ្លាប់បានប្រកាសថា ដាក់ឲ្យហោះហើរយន្តហោះ C919 នេះ កាលពីឆ្នាំ២០១៥ តែកាលបរិច្ឆេទត្រូវបាន រុញរំកិលជាច្រើនលើកដោយសារតែនៅមានការខ្វះខាតបច្ចេកទេស ហើយមិនទាន់ បានទទួលលិខិតអនុញ្ញាតបច្ចេកទេស សព្វគ្រប់។ ដោយឡែកក្រុមហ៊ុនចិននេះ ក៏ធ្លាប់បានផលិតយន្តហោះខ្នាតតូច ប្រភេទ ARJ21 ដែលត្រូវបានដាក់ឲ្យហោះហើរជាផ្លូវការនៅចិនកាលពីខែមិថុនា ឆ្នាំ២០១៦។
សូមបញ្ជាក់តម្រូវការយន្តហោះដឹកអ្នកដំណើរចម្ងាយមធ្យមសម្រាប់ការហោះ ហើរក្នុងស្រុកនៅក្នុងប្រទេសចិនបានកើនឡើងជាលំដាប់ដោយសារតែប្រជាជនចិនដែលមានជីវភាពធូរធារមានកាន់តែច្រើន ហើយព្រមជាមួយនឹងការរីកចម្រើននៃវិស័យ ទេសចរណ៍។ យោងតាមតួលេខរបស់ ក្រុមហ៊ុន Airbus បានបង្ហាញថា ទីផ្សារ អាកាសចរណ៍ស៊ីវីលចិនត្រូវការយន្តហោះ ប្រមាណជា៦.០០០គ្រឿងបន្ថែមទៀត ក្នុងអំឡុងពេល២០ឆ្នាំទៅមុខ។ តម្រូវ ការនេះ បើគិតជាទឹកប្រាក់ស្មើនឹង៩៤៥លានដុល្លារ។ ដោយឡែកក្រុមហ៊ុន Boeing បានប៉ាន់ប្រមាណតួលេខលើសពីនេះ បន្តិចទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី