ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ខណៈបើករថយន្ត ក្នុងល្បឿនលឿនចុះលើស្ពានសេកុងបាន រេចង្កូតទៅបុករះបង្គោលដែលគេដាំបាំងផ្លូវបាក់ជិត១០បង្គោលក្រឡាប់ធ្លាក់ផ្លូវ៤-៥ជំុ តែសំណាងល្អអ្នកបើកបររថយន្តមិនស្លាប់។ ចំណែករថយន្តខូចខាតស្ទើរទំាងស្រុង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៧ ជិតប៉ុស្តិ៍ សាមគ្គី ជាប់គល់ស្ពានសេកុង ស្ថិតនៅភូមិ- សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង ។
លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងកាលពីវេលាម៉ោង៤និង៣២ នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ថា រថយន្តនេះបានបើកចេញពីខេត្តមកឆ្លងកាត់ស្ពានសេកុងដោយបុរសម្នាក់ក្នុងល្បឿនលឿនចុះពីលើស្ពានធ្វើឲ្យរថយន្តទាញចង្កូតរួចបុករះបង្គោលថ្មដាក់បាំងផ្លូវបាក់៩ដើម។ ចំណែករថយន្តក្រឡាប់ធ្លាក់ផ្លូវ៤-៥ត្រឡប់ ខូចខាតស្ទើរតែទំាងស្រុង ។
លោកបានបន្តថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ2F-2467។ លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ទុករថយន្ត ចោល ហើយសមត្ថកិច្ចបានយករថយន្តទៅ រក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ តាមច្បាប់នៅពេលក្រោយ៕ មាស សុផាត