ខេត្តស្វាយរៀង៖ ស្រ្តីវ័យចំណាស់ម្នាក់រងរបួសធ្ងន់លើផ្ទៃមុខ និងចៅស្រីរបួសដាច់ត្រឹមកដៃម្ខាងក្រោយពីមានករណីប្តីប្រពន្ធឈ្លោះប្រកែកគ្នា ស្រ្តីរងគ្រោះចូលទៅឃាត់កុំឲ្យឈ្លោះប្រកែកគ្នា។
ករណីហិង្សានៅក្នុងគ្រួសារខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ ព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាហែក ខេត្តស្វាយរៀង ហើយក្រោយពីជនដៃដល់កាប់អ៊ុំស្រី និងក្មួយខាងប្រពន្ធឲ្យរបួសធ្ងន់ហើយនោះ បានរត់គេចខ្លួន។
បើតាមមន្រ្តីអាវុធហត្ថស្រុករមាសហែកឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវជនដៃដល់ជាក្មួយបង្កើតកាប់ឲ្យរបួសធ្ងន់ឈ្មោះ គង់ ញ័រ អាយុ៦៣ឆ្នាំ ត្រូវជនដៃដល់កាប់ចំនួន៤កាំបិទនៅលើផ្ទៃមុខ៣កាំបិទ និងត្រូវចំ.ក១កាំបិទ រីឯចៅស្រីស្រ្តីរងគ្រោះ និងជាក្មួយជនដៃដល់ឈ្មោះ សឿន ស្រីរ័ត្ន អាយុ៥ឆ្នាំ ត្រូវជនដៃដល់កាប់១កាំបិទបណ្តាលឲ្យដាច់ត្រឹម.កដៃខាងឆ្វេង។
មន្រ្តីដដែលបានឲ្យដឹងទៀតថា ជនដៃដល់ដែលបានកាប់ជនរងគ្រោះ ហើយរត់គេចខ្លួនឈ្មោះ គង់ កុសល អាយុ៣២ឆ្នាំ ជាក្មួយបង្កើតស្រ្តីរងគ្រោះ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាហែក ខេត្តស្វាយរៀង។ នៅមុនពេលកើតហេតុ ជនដៃដល់បានឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះ ងួន សុភា ពីរឿងប្រពន្ធជនដៃដល់ស្តីបន្ទោសទៅលើជនដៃដល់រឿងដើរផឹកសុីមិនគិតជួយធ្វើការងាររកសុីចិញ្ចឹមគ្រួសារ ហើយធ្វើឲ្យជនដៃដល់ជេរបញ្ជោផ្អើលពីផ្ទះមួយដល់ផ្ទះមួយ និងប្រើអំពើរហិង្សាលើប្រពន្ធថែមទៀតផង។ ពេលនោះអ៊ុំស្រីជាជនរងគ្រោះបានចូលទៅឃាត់កុំឲ្យឈ្លោះប្រកែកគ្នា និងខ្មាស់អ្នកជិតខាង រួចក៏ដឹកដៃចៅឈ្មោះ សឿន ស្រីរ័ត្ន ចូលទៅក្នុងផ្ទះសម្ងំដេកក៏ស្រាប់តែជនដៃដល់លីកាំបិទចូលទៅកាប់អ៊ុំស្រីតែម្តង។ នៅខណៈនោះ ក្មួយស្រីជនដៃដល់គ្រាន់តែសម្លឹងមុខ ហើយទៅរារាំងកុំឲ្យជនដៃដល់កាប់យាយរបស់គេ ក៏ត្រូវជនដៃដល់បណ្តាលឲ្យដាច់ដៃឆ្វេងធ្លាក់ដល់ដីខ្តុកតែម្តង។ បន្ទាប់ពីបង្កហិង្សារួចហើយនោះ ជនដៃដល់បានគេចខ្លួនចេញពីភូមិបាត់ ហើយមកដល់ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ មន្រ្តីសមត្ថកិច្ចនគរបាល និងអាវុធហត្ថបាននឹងកំពុងតាមចាប់ខ្លួនដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។
បើតាមគ្រូពេទ្យប្រចាំមន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ តែដៃម្ខាងរបស់គេនឹងពិការមួយជីវិត រីឯស្រ្តីវ័យចំណាស់រងរបួសធ្ងន់ ឋិតនៅក្នុងការជួយសង្គ្រោះនៅឡើយ ព្រោះរបួសរបស់គាត់មានសភាពធ្ងន់ធ្ងរ៕ យឹម សុថាន