ខេត្តកណ្តាល៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនDSS បានធ្វើសកម្មភាពវាយប្រហារទៅលើស្ត្រីជាប្រពន្ធដោយដំបងឬស្សី បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ដោយសារតែខឹងទៅលើស្ត្រីជាប្រពន្ធខ្ចីលុយគេ១០០ដុល្លារមិនប្រាប់ឲ្យដឹង ។
ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យជាប្តីដែលត្រូវបានចាប់ខ្លួននោះឈ្មោះ នុំ ថេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនDSS ។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ព្រីង សុខឃឿន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រកាត់ដេរ រងរបួសបែកក្បាលដេរ៤ថ្នេរ ,ហើមលើស្មងជើងខាងស្តាំ ,ជាំនៅលើខ្នង ,ហើមលើស្លឹកត្រចៀកខាងឆ្វេង ,ជាំលើកំភួនដៃ និងខ្នងដៃខាងឆ្វេង ។ ជនសង្ស័យ និងស្ត្រីរងគ្រោះស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះជាប្រពន្ធបានខ្ចីលុយគេចំនួន១០០ដុល្លារសហរដ្ឋអាមេរិកយកទៅចាយវាយ ដោយមិនបានប្រាប់ជនសង្ស័យជាប្តីឲ្យបានដឹងនោះទេ ។ លុះមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យជាប្តីបានខឹងពីរឿងជំពាក់ប្រាក់គេ ពេលចេញពីធ្វើការទៅដល់បន្ទប់ជួលវិញក៏ជជីកសួរនាំជនរងគ្រោះជាប្រពន្ធ រហូតកើតជាជម្លោះពាក្យសំដីគ្នាយ៉ាងតឹងសសៃ.ក ។ ភ្លាមៗនោះជនសង្ស័យក៏បានយកដៅបងឬស្សីវាយប្រហារទៅលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទើបមានអ្នកជិតខាងដឹងចូលទៅឃាត់ និងប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រីឯស្ត្រីរងគ្រោះត្រូវបានអ្នកជិតខាងដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ជនសង្ស័យឈ្មោះ នុំ ថេង បានសារភាពថា រូបគេពិតជាបានប្រើប្រាស់ដំបងឬស្សីវាយទៅលើស្ត្រីជាប្រពន្ធ បណ្តាលឲ្យរងរបួសប្រាកដមែន ដោយសារតែរូបគេខឹងទៅលើស្ត្រីជាប្រពន្ធខ្ចីលុយគេយកទៅចាយវាយ ដោយមិនប្រាប់ខ្លួនជាប្តី ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកអង្គស្នួល កសាងសំណុំរឿងពីបទហិង្សាក្នុងគ្រួសារ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ