ភ្នំពេញ៖ មន្រី្តយោធាម្នាក់សុខចិត្តចេញសំណងចំនួន២០ម៉ឺនរៀលទៅភាគីជនរងគ្រោះដើម្បី បញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ប៉ះជាមួយរថយន្តមេរបស់ខ្លួននៅខាងមុខមន្ទីរពេទ្យកុមារជាតិ កាលពីម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-2509 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ស្លៀកពាក់ឯកសណ្ឋានយោធាធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។លុះ មកដល់ចំណុចកែងផ្លូវ២៥៧ បានប៉ះជាមួយម៉ូតូម៉ាកហុងដាPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FP-3637 ដែលនៅខាងមុខបណ្តាលឲ្យដួលរងការខូចខាតបន្តិចបន្តួចខណៈម៉ូតូហុងដាPCXបើកបរពីកើតទៅលិច។ ពេលនោះភាគីទាំងពីរក៏បានជជែកគ្នាយកត្រូវរៀងៗខ្លួន ទើបធ្វើឲ្យមួយសន្ទុះក្រោយ សមត្ថកិច្ចនគរបាលចរាចរខណ្ឌទួលគោក មកដល់វាស់វែង ព្រមទាំងទុកពេលឲ្យភាគីទាំងសងខាងដោះស្រាយបញ្ចប់រឿងតាមសម្រួល។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះស្រាប់តែមានមន្ត្រីយោធាជាច្រើននាក់ បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ហាក់ដើម្បីបង្ហាញថានេះជារថយន្តនេះជារថយន្តមេបញ្ជាការរបស់ខ្លួនមិនបាច់សងការខូចខាតម៉ូតូនោះទេ។ប៉ុន្តែដោយមានការសម្របសម្រួលពីមន្រី្តនគរបាលខណ្ឌទួលគោក ខណ:នោះស្រាប់តែមានមន្ត្រីយោធាម្នាក់ចិត្តសឿង និងមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយសុខចិត្ត ចេញថ្លៃជួសជុលម៉ូតូទៅជនរងគ្រោះចំនួន២០ម៉ឺនរៀល ដើម្បីបញ្ចប់បញ្ហានៅកន្លែងកើតហេតុជំនួសមេតែម្តងទៅ៕ ប្រាថ្នា