ភ្នំពេញ៖ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ហើយមជ្ឈដ្ឋានមួយចំនួនហៅថា អ្នកវិភាគមាត់ដាចនោះ ឥឡូវត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ នេះបើតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ។
តាមការសង្កេត គឺ មានប្រជាពលរដ្ឋបានហែហមលោក គឹម សុខ ចូលតុលាការ ដែលនាំឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ពេលលោក គឹម សុខ ចូលតុលាការ។
លោក គឹម សុខ ហាក់មានចេតនាពន្យារពេលនៃការចូលបំភ្លឺ ដោយលោក និង ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ បានដើរថ្មើរជើង ពីវត្តចាស់ ខណ្ឌជ្រោយចង្វារ ហើយដើរពង្វាងរហូត ទាល់តែលើសពេលសាកសួរជាង២ម៉ោង ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់មិនឲ្យលោក គឹម សុខ ចាកចេញទៅក្រៅប្រទេសនោះទេ ដើម្បីកុំឲ្យមានការរាំងស្ទះដល់នីតិវិធីនៃការស៊ើបអង្កេត ការស្តាប់ចម្លើយជនសង្ស័យ និង ជាមូលដ្ឋានឈានដល់ការសម្រេចសេចក្ដីឲ្យបានត្រឹមត្រូវ ។
តុលាការ បានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យ តាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ហាមឃាត់លោក គឹម សុខ មិនឲ្យចាកចេញទៅប្រទេសដទៃជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ យល់ថា ភស្តុតាងពិតជាគ្រប់គ្រាន់ ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន និង បានប្តឹងទាមទារសំណងជំងឺចិត្តចំនួនពីរពាន់លានរៀល ឬ ៥0ម៉ឺនដុល្លារអាមេរិក ។
លោក គី តិច បានផ្តល់បទសម្ភាសន៍ ក្រោយពេលដាក់ពាក្យបណ្ដឹងរួចថា ក្នុងវេទិការបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ពិភាក្សាអំពី ការលាលែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក គឹម សុខ បានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយថា គណបក្សប្រជាជន បានរៀបចំផែនការប្លន់អំណាច ជាពិសេសបានចោទប្រកាន់ចំៗថា គណបក្សប្រជាជន ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ។
លោកមេធាវី បញ្ជាក់ថា ភស្តុតាងមួយចំនួន ពិសេសឃ្លីបវីដេអូដែលលោក គឹម សុខ បាននិយាយ នោះ គឺ គ្រប់គ្រាន់ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន តែការសម្រេចចោទប្រកាន់បទល្មើសអ្វីនោះ វាជាសមត្ថកិច្ចនិងការថ្លឹងថ្លែងរបស់ព្រះរាជអាជ្ញា ។
ការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ ត្រូវបានលោក គី តិច ចាត់ទុកថា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិសព្ទ និង ភាពយន្តស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បញ្ជាក់ពីចេតនាទុច្ចរិត បង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតចលាចល ធ្ងន់ធ្ងរក្នុងសង្គមទាំងមូល ។
ក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី មានមនុស្សសំខាន់ៗបីនាក់ហើយ ដែលបានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ ។ ក្នុងនោះមានលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី , លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបលាលែងពីតំណែង និង ចុងក្រោយ គឺ លោកគឹម សុខ អ្នកវិភាគនយោបាយ ដែលបច្ចុប្បន្នពួកគេទាំងបីនាក់ កំពុងប្រឈមមុខផ្លូវច្បាប់ ៕ ចេស្តា