ភ្នំពេញ ៖ តំបន់យឿត្រីនៅខណ្ឌព្រែកព្នៅជាតំបន់ស្មុកស្មាញបំផុត ដែលកន្លងមកអាជ្ញាធរពិបាកក្នុងការរៀបចំបំផុត កាលពីវេលាម៉ោង ៤ ភ្លឺថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកជា ខេមាអភិបាលរងខណ្ឌព្រែកព្នៅបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌកម្លាំកងរាជអាវុធហត្ថខណ្ឌនិងកម្លាំនគរបាលខណ្ឌចុះធ្វើការរៀបចំយឿត្រីដែលជាតំបន់យកចំណីផ្លូវមកធ្វើការលក់ដូរបង្កការកកស្ទះចរាចរណ៍ស្ទើរាល់ថ្ងៃ។
លោកជា ខេមាបានប្រាប់ឲ្យដឹងថា តំបន់មួយនេះមានការស្មុកស្មាញខ្លាំងណាស់ ដោយតាំងពីនៅជាស្រុកពញ្ញាឮមកម៉្លេះ លោកបន្តថា ចាប់តាំងពីបង្កើតខណ្ឌព្រែកព្នៅថ្មីមកទើបតែបានជាង២ឆ្នាំមកនេះគឺខាងសាលាខណ្ឌបានខិតខំយកចិត្តទុកដាក់រៀបចំសម្រួលសណ្តាប់ធ្នាប់ដើម្បីមិនឲ្យមានការកកស្ទះតទៅទៀត។
លោកបន្ថែមទៀតថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់់តាមផ្លូវជាតិលេខ៥ម្តុំយឿត្រីនេះគឺកម្លាំងចាប់ផ្តើមធ្វើរយៈពេល១សប្តាហ៍មកហើយ តែហាក់បីដូចជាវែកចកយ៉ាងដូច្នោះឯង តែទោះជាមានការស្មុកស្មាញយ៉ាងនេះក្តី កម្លាំងនៅតែបន្តការចុះរៀបចំតទៅទៀត និងខំផ្សព្វផ្សាយដល់ក្រុមអាជីវករលក់ត្រីអោយរកកន្លែងទីតាំងដាក់លក់ឆ្ងាយពីចិញ្ចើមផ្លូវ ជៀសវាងការកកស្ទះ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាងជាតិ និងអន្តរជាតិផងដែរ។
កម្លាំងនៅតែចុះរៀបចំ និងនៅតែចាត់វិធានការក្តៅទៅលើក្រុមអាជីវករណាដែលរំលោភយកចំណីផ្លូវដាក់កញ្ច្រែងលក់ដូរបង្កបញ្ហាការកកស្ទះ និងដាក់រ៉ឺម៉ក ម៉ូតូពាសពេញផ្លូវគ្មានសណ្តាប់ធ្នាប់បង្កភាពស្មុកស្មាញដល់អ្នកធ្វើដំណើរ ត្រូវចាប់យកមកធ្វើការអំរំ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវតទៅទៀត ៕ ព្រែកជ័យ
...