ភ្នំពេញ៖ នារីរូបស្រស់ដែលជាជាងអ៊ុតសក់ម្នាក់ បានរត់មកប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីត្រូវជនសង្ស័យឆក់កាបូបលុយបានសម្រេចហើយគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារញូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលឱ្យដឹងថា នារីខាងលើនោះឈ្មោះហេង លក្ខិណា អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ10C1 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់មុខផ្សារញូថោនចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយជិះគេចខ្លួនបាត់។
នាងបានបន្តថា នៅក្នុងកាបូបនោះមិនមានលុយច្រើននោះទេ គឺមានតែបន្តិចបន្តួច ប៉ុណ្ណោះព្រមទាំងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ ហើយនាងមិនបានប្ដឹងនគរបាលភ្លាមៗនោះឡើយ ក្រោយពេលកើតហេតុនាងបានជិះម៉ូតូទៅផ្ទះដេករហូតភ្លឺ ហើយនៅវេលាម៉ោង៨និង៣០នាទីព្រឹកឡើងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍។
សំណាងណាស់ដែលនៅក្នុងខណៈនោះនាងមិនបានដួលម៉ូតូបណ្ដាលឲ្យនាងមានគ្រោះថ្នាក់ ហើយនាងទៅប្ដឹង នគរបាលព្រោះតែមានការព្រួយបារម្ភ ខ្លាចជនសង្ស័យយកលេខទូរស័ព្ទរបស់នាង ទៅប្រើប្រាស់ក្នុងបទល្មើសអ្វីមួយទើបនាងមកដាក់ពាក្យបណ្តឹង៕ សុខាសែនជ័យ
...