យ៉ាងហោចណាស់ក៏មានមនុស្ស៥ នាក់ស្លាប់ដែរក្រោយពេលយន្តហោះធុន តូច១គ្រឿងប្រភេទ Beechcraft B200 បានដាំក្បាលបុកចូលមជ្ឈមណ្ឌលផ្សារ ទំនើបនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
សារព័ត៌មាន BBC បានផ្សាយថា ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ មន្ត្រីប៉ូលិសរដ្ឋ Victoria លោក Stephen Leane បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ គឺជាអ្នក ដំណើរនៅលើយន្តហោះ។
យន្តហោះខាងលើមានបញ្ហាម៉ាស៊ីន ពេលកំពុងហោះហើរចេញពីអាកាសយានដ្ឋាន Essendon ក្នុងទីក្រុងមែលប៊ន។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះខាងលើធ្លាក់បុកចំកន្លែងស្តុក ទំនិញនៅក្នុងផ្សារហើយផ្ទុះ តែជាភ័ព្វ សំណាងពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង គឺផ្សារទំនើបនោះមិនទាន់បើកទ្វារនៅឡើយ។
លោក Mikey Cahill សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់បណ្តាញ ព័ត៌មាន Herald Sun ថា«ខ្ញុំគិតថានឹងមានរឿងរន្ធត់កើតឡើងនៅពេលមានសំឡេងផ្ទុះយ៉ាងខ្លាំង និងមានផ្សែងខ្មៅគ្របដណ្តប់ នៅតំបន់នោះ»។
មនុស្ស៥នាក់ដែលជួបសំណាងអាក្រក់ នៅលើយន្តហោះនោះ ធ្វើដំណើរពីKing Island ក្នុងតំបន់ Tasmania។ ក្រសួង ចរាចរណ៍អូស្ត្រាលីនឹងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ខាងលើកើតឡើង៕
ប្រែសម្រួល៖ ម៉ែវ សាធី