កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការ បរទេសរុស្ស៊ីបានប្រកាសថា ឯកអគ្គរដ្ឋទូតរុស្សុីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Churkin បានទទួលមរណភាព ដោយមិនដឹងពីមូលហេតុនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មុនថ្ងៃខួបកំណើត លើកទី៦៥របស់លោក។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការស្លាប់ខាងលើតែមិនបានបញ្ជាក់ពីមូលហេតុបណ្តាលឲ្យស្លាប់នោះឡើយ។ ប៉ុន្តែតាមប្រភពព័ត៌មានពីមន្ទីរពេទ្យនៅ Manhattan ទីក្រុងញូវយ៉កបានឲ្យដឹងថា នៅ វេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ លោក Churkin បានបញ្ជូនទៅ សង្គ្រោះបន្ទាន់ក្នុងស្ថានភាពសន្លប់ ដោយ សារតែឈឺបេះដូងខ្លាំង។
ក្នុងពេលជាមួយគ្នានោះតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Gutteres បានឲ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិពិតជាមានការតក់ស្លុតទៅនឹងព័ត៌មានខាងលើ ហើយអង្គការ សហប្រជាជាតិសូមចូលរួមរំលែកទុក្ខដល់ទីក្រុងមូស្គូរ និងគ្រួសារជនរងគ្រោះផង ដែរ។
លោក Churkin ត្រូវបានតែងតាំងកាន់តំណែងជាប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិតាំងពីខែឧសភា ឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន។ មុនកាន់តំណែងនៅអង្គការសហប្រជាជាតិ លោកធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសបែលហ្សុិក កាណាដា សម្ព័ន្ធ យោធាណាតូ ជាដើម។ នៅឆ្នាំ២០០០ លោកកាន់តំណែងជាឯកអគ្គរដ្ឋទូតចល័តរបស់ក្រសួងការបរទេសរុស្ស៊ី។
ការស្លាប់របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបង្កក្តីបារម្ភ យ៉ាងខ្លាំង ក្រោយពេលមានមន្ត្រីការ បរទេសជាច្រើនស្លាប់ជាបន្តបន្ទាប់។ កន្លងមកនៅក្នុងប្រទេសក្រិច មន្ត្រីការ បរទេសប្រចាំនៅស្ថានទូតក្នុងប្រទេសនេះបានស្លាប់នៅក្នុងផ្ទះផ្ទាល់ខ្លួនកណ្តាលទីក្រុងអាថែន កាលពីថ្ងៃទី៩ ខែមករាឆ្នាំ ២០១៧។ ការស្លាប់នោះត្រូវបានគេបញ្ជាក់ ថាដោយសារតែខ្យល់គរ៕
ប្រែសម្រួល៖ ម៉ែវ សាធី