ភ្នំពេញ៖ កីឡាករកីឡាការិនីរបស់ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបាន និង កំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមទៅចូលរួមប្រកួតចំនួន៣ព្រឹត្តិការណ៍ដូចជាប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯក អាស៊ី និងប្រកួតជើងឯកអនុតំបន់ទន្លេមេគង្គ ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ។
លោកស្រី ស រ៉ានដេត គ្រូបង្វឹកហាត់ កីឡាទាញព្រ័ត្រកម្ពុជាបានប្រាប់ឲ្យដឹងថា ការត្រៀមរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គឺចាប់ផ្តើមតាំងពីថ្ងៃទី១ខែមករាឆ្នាំ២០១៧មកម្ល៉េះដើម្បីចូលរួមប្រកួតព្រឹត្តិ ការណ៍ចំនួន២គឺប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ីចាប់ពីថ្ងៃទី២៦ដល់៣០ ខែមេសាឆ្នាំ២០១៧។ ប៉ុន្តែកាលបរិច្ឆេទត្រូវរាំងខ្ទប់ដោយសារមានបញ្ហាមួយចំនួនរបស់ម្ចាស់ផ្ទះថៃ បន្ទាប់ពីបានកោះប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាទាញព្រ័ត្រកាលពី សប្តាហ៍មុន ដោយម្ចាស់ផ្ទះថៃចង់បន្ថែម មួយព្រឹត្តិការណ៍ទៀត គឺការប្រកួតជើង ឯកកីឡាទាញព្រ័ត្រអនុតំបន់ទន្លេមេគង្គ។
អ្នកគ្រូស រ៉ានដេត បានបញ្ជាក់ថា ហេតុ ផលដែលភាគីថៃចង់បន្ថែមព្រឹត្តិការណ៍ ប្រកួតរហូតដល់ទៅ៣ព្រឹត្តិការណ៍ក្នុងពេលតែមួយនោះ ព្រោះឆ្នាំនេះមានកីឡាករ កីឡាការិនីកម្ពុជាចូលរួមលើកដំបូងដូច្នេះហើយគេចង់ធ្វើម្តងឲ្យកម្ពុជាមានឱកាស ចូលរួមបានច្រើន Event ដើម្បីដកស្រង់ បទពិសោធន៍បង្កើនគុណផលបច្ចេកទេស សម្រាប់ព្រឹត្តិការណ៍ក្រោយៗទៀត ។
អ្នកគ្រូរូបនេះបានវាយតម្លៃថា “ខ្ញុំមានការព្រួយបារម្ភខ្លាំងចំពោះការហ្វឹកហាត់ដែលត្រូវចេញទៅប្រកួតនៅប្រទេសថៃ ព្រោះ ពេលវេលាខ្លីពេក ប៉ុន្តែបើភាគីថៃពិតជាលើកព្រឹត្តិការណ៍នេះរហូតដល់ខែវិច្ឆិកាមែននោះ កីឡាករកីឡាការិនីកម្ពុជា និងមាន កម្លាំងគ្រប់គ្រាន់សម្រាប់ប្រជែងយក មេដាយពីព្រឹត្តិការណ៍ទាំង៣ខាងលើ ពីព្រោះ យើងមានពេលវេលាសម្រាប់ធ្វើតេស្ត សម្រាំងយកធនធានដែលមានសក្តានុ ពលក្រោយពីប្រកួតជើងឯកថ្នាក់ជាតិរួច។
គួររំលឹកថា កីឡាករកីឡាការិនីដែល ស្ម័គ្រចិត្តចូលរួមហ្វឹកហាត់កីឡាទាញព្រ័ត្រ មានសមាសភាពមកពីតាមបណ្តាសមាគម រោងចក្រកាត់ដេរ ក្លិប សាលាកីឡាដែល បច្ចុប្បន្នបានកើនរហូតដល់៦០នាក់ហើយខណៈជំហានដំបូងមានតែ១០នាក់ ប៉ុណ្ណោះ៕ សារីម