ភ្នំពេញ៖ រថយន្ដស៊េរីទំនើបចំនួន៣គ្រឿងបានបើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនក្នុងនោះមានរថយន្ដម៉ាកBENTLEYមួយគ្រឿងបានបុករះម៉ូតូម៉ាកហុងដាIcon មួយគ្រឿងនិងរថយន្ដម៉ាកVistoមួយគ្រឿងបណ្ដាលឲ្យនារីពីរនាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់និងបុរសម្ចាស់រថយន្ដVistoរងរបួសស្រាល។ ចំណែកអ្នកជិះនៅក្នុងរថយន្តបង្ករងរបួស២នាក់ ខណៈរថយន្ដបង្កបន្តទៅបុកគល់ឈើដែលនៅលើចញ្ចើមផ្លូវនិងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមអូសប្រហែល១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលា១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងមុខអនុវិទ្យាល័យចតុមុខ តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូម៉ាកហុដាIcon ពណ៌ផ្កាឈូក ពាក់ស្លាកលេខកណ្ដាល1I-7335 និងរថយន្ដម៉ាកVisto ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2Q-8530 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីជើងទៅត្បូងស្របទិសជាមួយម៉ូតូ។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដស៊េរីទំនើបចំនួន៣គ្រឿងបានបើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនមកពីក្រោយហើយក្នុងនោះមានរថយន្ដម៉ាកBENTLEY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX-3333 បើកដោយបុរសជនជាតិចិនម្នាក់និងរួមដំណើរដោយបុរស២នាក់និងនារីម្នាក់ជាជនជាតិចិនម្នាក់ដូចគ្នាក្នុងស្ថានភាពស្រវឹងស្រា បានមកបុកម៉ូតូរថយន្ដvistoពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យនារីអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់។ ចំណែកម្ចាស់រថយន្ដVistoរងរបួសស្រាល ហើយរថយន្ដបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុកគល់ឈើនិងបង្គោលស្លាកសញ្ញាចរាចរណ៍នៅលើចិញ្ចើមផ្លូវបាក់មួយដើមអូសជិត១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច។
ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុអ្នកជិះនៅក្នុងរថយន្ដបង្កពីរនាក់មាននារីម្នាក់និងបុរស់ម្នាក់ដែលមិនរងរបួសបានឡើងជិះរថយន្ដមួយគ្រឿងទៀតគេចខ្លួនបាត់និងពីរនាក់ទៀតរងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាមួយជនរងគ្រោះភ្លាមៗ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញចរាចររាជធានីភ្នំពេញចុះមកធ្វើការវាស់វែងស្ទួចយករថយន្ដទាំងពីរគ្រឿងនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដោះស្រាយតាមនីតិវិធី។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ព្រែកជ័យ
...