ព្រះសង្ឃប្រជាពលរដ្ឋ និងនិស្សិតជាង៣០០អង្គ/នាក់ ទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្សនិស្សិតជាង៣០០អង្គ/នាក់ មកពី ខេត្តព្រៃវែង និងរាជធានីភ្នំពេញបានធ្វើ ទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការ សាលាក្តីខ្មែរក្រហមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។ ចំនួននេះត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរ ក្រហម ធ្វើឱ្យចំនួនសាធារណជនដែល បានធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់ សវនាការដោយផ្ទាល់នៅសាលាក្តីខ្មែរ ក្រហមកើនដល់ជាង៣៨ម៉ឺននាក់ហើយក្នុងរយៈពេល១០ឆ្នាំនៃដំណើរការតុលាការ ។ លោកបានពន្យល់ថា ក្នុងចំណោមសាធារណជនទាំងនេះចំនួនពាក់កណ្តាលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងចំនួនពាក់កណ្តាលទៀតជាយុវជនជំនាន់ក្រោយ ។ លោកបានគូសបញ្ជាក់ថាការសិក្សាការ ចងចាំ និងយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានភាពចាំបាច់ណាស់សម្រាប់ពលរដ្ឋកម្ពុជាជាពិសេសយុវជនជំនាន់ក្រោយ ។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងសាល សវនាការរបស់សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការបង្កើតសាលាក្តីខ្មែរក្រហមគឺដើម្បីស្វែង រកការពិតនិងយុត្តិធម៌ជូនដល់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះ ដែលកំពុងរស់ រានមានជីវិតនៅឡើយ ក៏ដូចជាផ្តល់យុត្តិធម៌ជូនមនុស្សជាតិទាំងមូល ។ ការជំនុំជម្រះក្តីនេះដើម្បីពង្រឹងការចងចាំ លើរឿងរ៉ាវលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម និងចៀសឱ្យផុតពីអំពើឧក្រិដ្ឋកម្ម និងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ សាលាក្តីខ្មែរ ក្រហមនេះក៏ដើរតួនាទីសំខាន់ក្នុងការផ្សះ ផ្សាជាតិផងដែរ ដែលតុលាការនេះមិនជំនុំជម្រះក្តីលើគ្រប់អតីតខ្មែរក្រហមទាំងអស់ឡើយគឺជំនុំជម្រះ ក្តីតែទៅលើអតីតមេដឹក នាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ប្រជាពលរដ្ឋ និងយុវជនអស់ទាំងនេះ បានថ្លែងថា ខ្លួនមិនចង់ឱ្យមានរបបខ្មែរ ក្រហមកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាទៀតទេព្រោះមានការលំបាកហើយប្អូនៗ បានលើកឡើងថាសាលារៀបវត្តអារាម សាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវបាន ខ្មែរក្រហមបំបាត់ចោល និងធ្វើឱ្យពលរដ្ឋ ជាច្រើនលាននាក់ស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើទារុណកម្ម អត់អាហារធ្វើការ ងារហួសកម្លាំងគ្មានថ្នាំសង្កូវព្យាបាល ។ លោកក៏បានជម្រាអំពីការវិវឌ្ឍថ្មីៗរបស់ តុលាការ ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០១ និងសំណុំរឿង០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ព្រមទាំងសារៈសំខាន់នៃការជំនុំជម្រះក្តីខ្មែរក្រហមគឺដើម្បីស្វែងរកការពិតដែលកើតឡើង និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បងជីវិតនិងអ្នកដែលកំពុងតែរស់រាន មានជីវិត ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានចែកជូនសៀវភៅសាលក្រម និងសាល ដីកាលើសំណុំរឿង០០២/០១ ជូនដល់ តំណាងយុវជនមកពីស្រុកទាំងបីនៃខេត្តព្រៃវែងផងដែរ ដើម្បីតម្កល់ទុកជាឯកសារសម្រាប់ការសិក្សា និងស្រាវជ្រាវលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ៕ សហការី

...

Rou (4) Rou (3) Rou (2) Rou (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print