ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់បង្រ្កាបចាប់ខ្លួនចោរដៃដល់ដែលបានធ្វើសកម្មភាពវាយជនរងគ្រោះជាម្ចាស់ផ្ទះ ដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៣នាក់ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
លោក ចំរើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឯល អាហ្សូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ជនដៃដល់រូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈត្រឡប់ចូលទៅក្នុងលំនៅឋានកើតហេតុនៅវេលាយប់ថ្ងៃដដែល ដើម្បីទៅយកអត្តសញ្ញាណប័ណ្ណដែលធ្វើឲ្យជ្រុះនៅក្នុងលំនៅឋានខាងលើនេះ ។
លោកអធិការរងបានបន្តថា ជនរងគ្រោះក្នុងអំពើវាយដោយអង្រែបុកគ្រឿងប៉ុនប៉ងប្លន់យកព្រទ្យសម្បត្តិនេះមានគ្នា៣នាក់ ទី១-ឈ្មោះ ហួរ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (រងរបួសបែកក្បាល៣កន្លែង) ទី២-ឈ្មោះ ហេង សុផាន់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត (រងរបួសលើថ្ងាស់៣កន្លែង ត្រចៀកមួយកន្លែង និងស្នាមជាំលើ.កមួយកន្លែង) ទី៣-ឈ្មោះ ថេង សេងហៀក ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ។ ជនរងគ្រោះទាំង៣នាក់នេះមានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បច្ចុប្បន្នរស់នៅភ្នំពេញ ។
លោក ចំរើន បញ្ញា បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានធ្វើដំណើរពីភ្នំពេញមកមើលលំនៅឋានកើតហេតុខាងលើ ព្រោះលំនៅឋាននេះពុំមានអ្នកនៅនោះទេ ។ ពេលមកដល់ជនរងគ្រោះបានឃើញបាយទើបដាំថ្មីៗមួយឆ្នាំនៅក្នុងឆ្នាំខ្សែភ្លើងព្រមទាំងមានពងទាមួយគ្រាប់ផងដែរ តែជនរងគ្រោះមិនបានចាប់អារម្មណ៍អ្វីឡើង ។ បន្ទាប់ពីហូបបាននៅជាន់ផ្ទាល់ដីរួចមក នារីរងគ្រោះឈ្មោះ ហេង សុផាន់ បានឡើងទៅបន្ទប់ជាន់លើដើម្បីយកសម្លៀកបំពាក់ ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់ស្ទុះចាប់នាងច្របាច់.កវាយដោយអង្រែបុកគ្រឿង ។ ភ្លាមៗនោះនារីរងគ្រោះបានស្រែកឲ្យស្ត្រីរងគ្រោះឈ្មោះ ហួរ លាងហេង ជាម្តាយធំជួយ ។ ឮដូច្នេះស្ត្រីរងគ្រោះបានឡើងទៅលើក៏ត្រូវជនសង្ស័យវាយដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ទើបជនសង្ស័យព្យាយាមរត់មកជាន់ក្រោមដើម្បីគេចខ្លួន ខណៈនោះក៏បានជួបជាមួយស្ត្រីរងគ្រោះឈ្មោះ ថេង សេងហៀក ។ ជនសង្ស័យបានដេញវាយស្ត្រីរងគ្រោះបន្ថែមទៀតតែវាយមិនត្រូវ ស្ត្រីរងគ្រោះក៏បានរត់ចេញក្រៅផ្ទះស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ឡើងទៅជាន់លើ ផ្លោះតាមបង្អួចគេចខ្លួនបាត់ ។
លោកអធិការរងនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើង លោកអធិការ និងរូបលោកផ្ទាល់បានដឹកនាំកម្លាំងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនដៃដល់បាន គ្រាដែលជនដៃដល់រូបនេះត្រឡប់ចូលទៅក្នុងលំនៅឋានកើតហេតុនៅវេលាយប់ថ្ងៃដដែល ដើម្បីទៅយកអត្តសញ្ញាណប័ណ្ណដែលធ្វើឲ្យជ្រុះនៅក្នុងលំនៅឋានខាងលើនេះ ។
ជនដៃដល់ឈ្មោះ ឯល អាហ្សូត បានសារភាពថា នៅមុនពេលកើតហេតុ គឺនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគេបានយកដែកគាស់ធ្វើសកម្មភាពគាស់បង្អួចលំនៅឋានខាងលើ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ តែពេលចូលទៅដល់គ្មានអ្វីត្រូវលួច រូបគេក៏ដេកនៅក្នុងផ្ទះនោះ រហូតដល់ម្ចាស់ផ្ទះទៅដល់រូបគេក៏ឡើងទៅសំងំនៅខាងក្រោយទូរ ខណៈជនរងគ្រោះចូលទៅដល់ក៏ធ្វើសកម្មភាពវាយជាបន្តបន្ទាប់ រួចផ្លោះតាមបង្អួចគេចខ្លួនតែម្តង ។ ជនដៃដល់រូបនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកសាងសំណុំរឿងពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ