ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា ដែលបានប្រកាសចេញថតកាលពីពាក់កណ្តាលឆ្នាំមុននោះបានបញ្ចប់ការផលិតហើយ ដោយគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការនៅដើមខែក្រោយនេះ។ ភាពយន្តនេះត្រូវគេជឿជាក់ថានឹងធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបានជាមួយនឹងឈុតឆាកកម្សត់ និងបង្ហាញពីទឹកចិត្តម្តាយសម័យបច្ចុប្បន្នដែលប្រឈមនិងវិបត្តិគ្រួសារ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងខ្សែភាពយន្តខ្នាតធំថ្មីនេះគឺវត្តមានតារាសម្តែងក្មេងចាស់ប្រុសស្រី៤ជំនាន់ផ្សេងគ្នាបានចូលរួមសម្តែងដូចជា សិល្បករល្បីជំនាន់ទស្សវត្សរិ៍ទី៦០អ្នកស្រីឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០អ្នកនាងអម្ពរទេវី លោកទេពរិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាងស៊ឹម សូលីកា និងអ្នកនាងស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាងសុខ សោម៉ាវត្តី កញ្ញា ឌុច លីដា លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង”ទឹកចិត្តម្តាយសម័យថ្មី” ។
អ្នកស្រីពាន់ ភួងបុប្ផា បានបញ្ជាក់ថា ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៏មានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញា មាស សុខសោភា និងលោក ខេម ផងដែរ។ លោកស្រីបញ្ជាក់ដែរថា ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថា នឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជនខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០០៣អ្នកស្រីធ្លាប់បានធ្វើឲ្យកក្រើកវិស័យសិល្បៈភាពយន្តតាមរយៈខ្សែភាពយន្តរឿង”ទឹកចិត្តម្តាយ” ហើយគ្រានេះនឹងកាន់តែពិសេសដែលជាការឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយនាសម័យបច្ចុប្បន្ន។ អ្វីដែលពិសេសផងដែរគឺការបណ្តាក់ទុនយ៉ាងច្រើនជាមួយនឹងផលិតកម្មថោនជាមួយនឹងបច្ចេកទេស ឧបករណ៍ផលិតមានគុណភាព ដែលធ្វើឲ្យអ្នកស្រីរំពឹងថា វានឹងក្លាយជាខ្សែភាពយន្តកម្រិតស្តង់ដារខ្ពស់មួយនិងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា ភាពយន្តខាងលើបានចាប់ផ្តើមផលិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦កម្លងមក ហើយនឹងចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះតទៅ៕ វឌ្ឍនា