ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាករ៉ងរ៉ូវេ ពណ៌ខ្មៅមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈដល់ផ្លូវស្ទុបបែកជាបួន មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូធំម៉ាក FZ ចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្រ សំណាងល្អម្ចាស់ម៉ូតូរងគ្រោះខ្ទៀតចេញពីម៉ូតូរងរបួសស្រាល ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនឹងផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះសុិន បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ជិះម៉ូតូម៉ាក FZ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ បាត់ដំបង 1R.9848 និងមានស្រុកកំណើតនៅភូមិព្រៃដាច់ សង្កាត់អូមាល់ ខេត្តបាត់ដំបង ។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូធំម្នាក់ឯង ធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម មកពីវិមានឯករាជ្យ ពីជើងទៅត្បូង ក្នុងល្បឿនល្មមៗ ខណៈដល់ពាក់កណ្ដលស្ទុប២៩៤ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាករ៉ងរ៉ូវេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS.1283 បានបើកបរតាមបណ្ដោយផ្លូវ២៩៤ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ហើយមកដល់ស្ទុបមិនបន្ថយល្បឿន ក៏បានជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលអូសជាង២០ម៉ែត្រទៅបុកសួនច្បារផ្ទះប្រជាពលរដ្ឋកល់ជាប់ទៅមុខលេងរួច ចំណែកឯជនរងគ្រោះវិញសំណាងល្អបានខ្ទៀតចេញពីម៉ូតូរងរបួសក្រិចដៃជើង(របួសស្រាល)។
ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់ដល់ផ្លូវ៥៧រួចចូលផ្ទះបាត់។ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការខណ្ឌចំការមន រងចាំជួយដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ