ខេត្តបាត់ដំបង៖ ក្មេងទំនើងចំនួន១៨នាក់ដើរលេងនៅពេលយប់ និងបង្កការអុកឡុកប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងបាត់ដំបងសរុប១៩នាក់ ត្រូវបាននគរបាលក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន និងដកហូតបានដាវសាមូរ៉ៃ និងកាំបិតសរុបចំនួន៥ដើម ក្រោយពីក្រុមក្មេងទនើងទាំងនោះបានធ្វើសកម្មភាពបម្រុងប្រើអំពើហិង្សាដាក់គ្នា ដែលនាំឱ្យពលរដ្ឋមានការភ័យខ្លាចនោះ ។
ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងបានធ្វើឡើងកាលពីយប់អធ្រាត្រថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាប។
ការបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងបង្កចលាចលក្នងសង្គមខាងលើ បន្ទាប់ពីវិធានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅពេលយប់ត្រូវបាននគរបាលខេត្តបាត់ដំបងកំពុងអនុវត្ត ក្រោមការដាក់ចេញតាមផែនការរបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងដើម្បីលើកកំពស់រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅចំពេលពេលដែលយុទ្ធនាការទ្រង់ទ្រាយធំប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសកំពុងអនុវត្តមានរយៈពេលជិត២ខែមកហើយ ។
លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាបបានប្រាប់ឱ្យដឹងថា ក្នុងចំណោមក្មេងទំនើងដែលរងការឃាត់ខ្លួនទាំង១៩នាក់មានមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ក្នុងនោះមានមុខសញ្ញាជនសង្ស័យ៣នាក់ដែលធ្លាប់ធ្វើសកម្មភាព ប្រើប្រាស់កាំបិតនិងដាវសាមូរ៉ៃកាប់ចាក់បង្កហិង្សាលើគូជម្លោះរបស់ខ្លួនបណ្តាលឱ្យរងបួស ជនរងគ្រោះជាគូជម្លោះជាបន្តបន្ទាប់ចំនួន៣លើកមកហើយ ។
ក្រុមក្មេងទំនើងខាងលើនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពុងតែសាកសួរ។ ក្រុមក្មេងទំនើងដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាបង្កឱ្យមានអ្នករងរបួស ត្រូវកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកអ្នកគ្មានជាប់ព័ន្ធនៃការប្រព្រឹត្តបទល្មើសសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាហើយកោះហៅអាណាព្យាបាលមកទទួលដោះលែងត្រឡប់ទៅផ្ទះវិញដើម្បីយកទៅអប់រំបន្ត ។
សូមរំលឹកថា ពាក់ព័ន្ធនិងក្មេងទំនើងបង្កការអុកឡុកប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងបាត់ដំបងនេះដែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្មេងទំនើងសរុប៥៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនផងដែរ គ្រាដែលក្រុមក្មេងទំនើងទាំងនោះបានកំពុងធ្វើសកម្មភាពប្រមូលផ្តុំគ្នាជាក្រុមៗផឹកស្រាស្រវឹង ប្រើប្រាស់គ្រឿងញៀនហើយបម្រុងបង្កជម្លោះជាអំពើហិង្សាដាក់គ្នាផងនោះទៀត ៕ សំ វិច្ឆិកា