គ្រូ និងសិស្សនៃវិទ្យាល័យរលាប្អៀរឆ្ងល់រឿងលោកនាយកកាប់ដើមឈើក្នុងបរិវេណសាលា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនរលាប្អៀរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ ពីបានឃើញ ដើមឈើនៅក្នុងបរិវេណសាលាជាច្រើនដើម ត្រូវបាននាយកសាលាកាប់រំលំនាពេល កន្លងទៅដោយពុំដឹងមូលហេតុ ហើយមិនបានពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ។

គ្រូបង្រៀនម្នាក់នៅក្នុងសាលាវិទ្យាល័យនេះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ដើមឈើជាច្រើនដើមដែលត្រូវកាប់រំលំនេះ ជាដើមឈើប្រភេទដើមអាកាស្យា និង ប្រេងខ្យល់  ដែលបានដាំជាច្រើឆ្នាំមកហើយ ទម្រាំធំៗបែបនេះ ស្រាប់តែលោកនាយក សាលាហៅគេមកកាប់រំលំអស់។ ការកាប់រំលំនេះត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនឯកជនមកទិញយកដើមឈើនេះទៀតទើបធ្វើអោយពួកគាត់ដែលជាគ្រូនៅទីនោះ មានការងឿងឆ្ងល់ខ្លាំងចំពោះបញ្ហានេះ ដោយសារលោកនាយកសាលាមិនបានផ្តល់ព័តមានច្បាស់លាស់ដល់ពួកគាត់ ។

ចំណែកឯសិស្សសាលាវិញមានការសោកស្តាយ ពេលដែលឃើញដើមឈើដែលធ្លាប់ផ្តល់ជាម្លប់សម្រាប់ជ្រកនោះ ត្រូវបានឈ្មួញមកកាប់យកទៅដូចនេះ ។

ពាក់ព័ន្ធនិងករណីនេះ លោកសោម វឺន អភិបាលស្រុករលាប្អៀរបានប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការកាប់ដើមឈើនៅក្នុងបរិវេណសាលាហ៊ុនសែនរលាប្អៀរនេះ ពិតជាមានមែន គឺលោកនាយកសាលាបានអោយគេកាប់ពិតប្រាកដ ។ ប៉ុន្តែការកាប់ដើមឈើនៅក្នុងសាលានេះ ដើម្បីសាងសង់របង និងអគារសិក្សាថ្មី ដែលជាអំណោយរបស់    សម្តេចហ៊ុន សែន ដែលបានផ្តល់ជូននាពេលកន្លងមក ។     ហើយការភ្ញាក់ផ្អើលនៃការកាប់ដើមឈើនេះ គឺដោយសារតែមានការយល់ច្រឡំ ខ្វះព័ត៌មានពីគ្នាទៅវិញទៅមក ទើបបានជាមានរឿងបែបនេះ ។

ចំណែកឯកលោក សោម ឡូត នាយកសាលាហ៊ុនសែនរលាប្អៀរ បានប្រាប់តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែកុម្ភៈថា ពិតជាមានការកាប់ដើមឈើមែន ដែលជាប្រភេទដើមអាកាស្យា និង ដើមប្រេងខ្យល់។ ការកាប់នេះដើម្បីធ្វើរបងថ្មី ជំនួសរបងចាស់ និង ត្រៀមពីផលប៉ះពាល់ នៃការពង្រីកផ្លូវជាតិលេខ៥នៅពេលខាងមុខផង។ ចំពោះទីតាំងដែលកាប់រំលំដើមឈើនេះ  នឹងកែប្រែដាំដើមផ្កាវិញដើម្បីកែលំអបរិស្ថានសាលា ។

ចំពោះការចោទប្រកាន់ថា លោកលក់ដើមឈើដែលកាប់នេះ គឺពិតជាបានលក់ពិតប្រាកដមែន គឺលក់ទៅអោយក្រុមហ៊ុនឯកជន ដែលគេទិញដើមឈើប្រភេទនេះ ហើយលុយដែលបានពីការលក់នេះ គឺលោកទុកក្នុងថវិការបស់សាលា មិនយកខ្លួនឯងនោះទេ ។ ហើយនៅថ្ងៃនេះ ដើម្បីកុំអោយ មានការភ័ណ្ឌច្រឡំពីរឿងកាប់ដើមឈើក្នុងសាលា ខាងការិយាល័យអប់រំ យុវជននិងកីឡាស្រុករលាប្អៀរ ជាមួយនិងមន្ទីរ បានកោះអញ្ជើញលោកគ្រូ អ្នកគ្រូ មកប្រជុំផ្សព្វផ្សាយ អំពីគោលបំណងនៃការកាប់ដើមឈើនេះ និងប្រាប់ពីថវិកាដែលបានមកពីការលក់ដើមឈើនេះ យកទៅដាក់នៅកន្លែងណា៕ ចន្ថា

...

chanta (1) chanta (4) chanta (2) chanta (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print