ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បងប្អូនដែលប្រកបរបររត់រុឺម៉កម៉ូតូនិងរថយន្តតូចៗដឹកភ្ញៀវមួយចំនួនបាននាំគ្នាបិទផ្លូវត្រង់ម្តុំផ្លូវចុះទៅផែទូកទេសចរណ៍ (អូរឈេីទាល) ជំទាស់ទៅនឹងផែនការរៀបចំសណ្តាប់ធ្នាប់របស់រដ្ឋបាលក្រុងព្រះសីហនុ ដែលចេញបំរាម«ហាមឃាត់មិនឲ្យយានយន្តគ្រប់ប្រភេទឈប់ចតនៅលើផ្លូវបេតុងមួយនេះ ទុកសម្រាប់តែអ្នកថ្មេីរជេីង» ។
បញ្ហានេះ បងប្អូនដែលចូលរួមតវ៉ា លេីកហេតុផលថា «អាចប៉ះពាល់ដល់អាជីវកម្មដឹកភ្ញៀវប្រចាំថ្ងៃ និងបានស្នេីសុំឲ្យរដ្ឋបាលក្រុងពិនិត្យដោះស្រាយរឿងនេះឡេីងវិញ» ។
ទោះជាយ៉ាងនេះក្តី ក្រោយមានការសម្របសម្រួលពីសមត្ថកិច្ច បងប្អូនអ្នកតវ៉ាបានរំសាយ និងបន្តទៅជួបផ្ទាល់ជាមួយលោកអភិបាលក្រុងនៅសាលាក្រុងព្រះសីហនុដេីម្បីរកដំណោះស្រាយបន្ត ក្នុងនោះបេីយោងតាមសាររបស់លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុពន្យល់ថា ការហាមឃាត់នេះ គឺហាមឃាត់មិនអោយយានយន្តចតអចិន្ត្រៃរង់ចាំដឹកភ្ញៀវមកពីកោះនៅក្នុងតំបន់នោះប៉ុណ្ណោះ ប៉ុន្តែបេីដឹកភ្ញៀវចូល ហេីយចេញវិញភ្លាម រដ្ឋបាលក្រុងមិនហាមឃាត់ទេ៕ ឆ្លាម សមុទ្រ