ភ្នំពេញ៖ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានប្រាប់ឲ្យដឹងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធ ផលការងារអនុវិស័យការអប់រំកាយ និងកីឡាឆ្នាំ២០១៦និងលើកទិសដៅឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានសម្រេចបញ្ជូនកីឡាករកីឡាការិនី១០នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នៅថៃដែលចាប់ផ្តើមដំណើរការពីថៃ្ងទី១ដល់ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ។
លោកអគ្គលេខាធិការដដែលបញ្ជាក់ថា កីឡាករកីឡាការិនីចំបាប់កម្ពុជាទាំង១០នាក់ដែលត្រូវទៅចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសថៃនេះមិនទាន់មានការសម្រេចជ្រើសរើសកីឡាករកីឡាការិនី ឬ ប្រភេទទម្ងន់ ណាមួយនៅឡើយទេ ដ្បិតការប្រមូលផ្តុំក្រុមជម្រើសជាតិទើបតែចាប់ផ្តើមត្រូវរង់ចាំដល់សប្តាហ៍ក្រោយមួយទៀតទើបគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធអាចធ្វើតេស្តសម្រាំងយកកីឡាករកីឡាការិនីបាន ។ លោកអគ្គលេខាធិការ រូបនេះបានបន្តថា ការបញ្ជូនអត្តពលិកទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ រាល់ថ្លៃចំណាយទាំងអស់ទទួលបានការរ៉ាប់រងពីលោក ខេស៊ីបាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជានិងជានាយកវិទ្យាស្ថានខេមអេដ ។
លោកបន្ថែមថា ការប្រកួតខ្ញុំមានជំនឿ ចិត្តខ្ពស់សម្រាប់កីឡាករកីឡាការិនីកម្ពុជារបស់យើងថាអាចដណ្តើមបានមេដាយ មកជូនប្រទេសជាតិប៉ុន្តែមិនដឹងថាមេដាយកម្រិតណាមួយនោះទេ។ ចំពោះការ ប្រកួតជើងឯកនេះ មានប្រទេសដែលជា ឧបសគ្គធំបំផុតរបស់កម្ពុជាក្នុងការដណ្តើមយកមេដាយមាសនោះគឺវៀតណាមក្រៅ ពីនេះមិនមែនជាក្តីបារម្ភរបស់កម្ពុជាឡើយ៕ សារីម