ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi កាលពីថ្ងៃទី២២ ខែកុម្ភៈបានអំពាវនាវដល់ភាគីកូរ៉េខាង ជើងសូមគោរពច្បាប់ម៉ាឡេស៊ីផងទាក់ទងលទ្ធផលស្រាវជ្រាវលើករណីឃាតកម្មទៅលើ លោក គីម ជុងណាម ដែលជាបងប្រុស លោក គីម ជុងអ៊ុន ប្រមុខរដ្ឋាភិបាលកូរ៉េ ខាងជើង។
លោក Ahmad Zahid បានបញ្ជាក់ថា កូរ៉េខាងជើងមិនត្រូវសង្ស័យទៅលើការស្រាវជ្រាវដែលប៉ូលិសម៉ាឡេស៊ីកំពុងតែ អនុវត្តនោះទេ។ លោក Ahmad Zahid បញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «យើងគោរពដល់ទំនៀមទម្លាប់ និងផល ប្រយោជន៍របស់បុគ្គលនីមួយៗ ហើយ គោរពទៅតាមច្បាប់អន្តរជាតិ ក៏ដូចដំណើរការនីតិវិធីអន្តរជាតិដែរ»។
លោក Ahmad Zahid បញ្ជាក់ទៀតថា «យើងក៏នឹងគោរពច្បាប់របស់ប្រទេសដទៃទៀតប្រសិនបើពួកគេឃើញពលរដ្ឋម៉ាឡេស៊ី ចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ របស់ប្រទេសនោះ។ ពេលនេះយើងបានប្រគល់តួនាទីនោះទៅឲ្យកម្លាំងប៉ូលិស ហើយបើមានភស្តុតាងច្បាស់លាស់យើងនឹងកោះហៅអ្នកដែលពាក់ព័ន្ធឡើងទៅ កាន់តុលាការ»។
កាលពីថ្ងៃទី២២ ខែកុម្ភៈ អគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីបានចោទប្រកាន់រដ្ឋាភិបាលម៉ាឡេស៊ីថាបានធ្វើ សកម្មភាពបំពានច្បាប់អន្តរជាតិ ក្នុងនោះ មានទំនាក់ទំនងការបរទេស។ រដ្ឋទូតកូរ៉េខាងជើងក៏បានចោទប្រកាន់ម៉ាឡេស៊ីថា មានគោលដៅនយោបាយបម្រើឲ្យប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើងទៅវិញ។
មកទល់ពេលនេះការត្រួតពិនិត្យសាកសពមិនទាន់រួចរាល់នៅឡើយដោយសារតែមិនទាន់ទទួលបានDNA ពីសាច់ញាតិ លោក គីម ជុងណាម។ កន្លងមកមាន ព័ត៌មានផ្សាយថា កូនប្រុសលោក គីម ជុងណាម បានធ្វើដំណើរទៅដល់ម៉ាឡេស៊ី ហើយ ដោយមានការការពារយ៉ាងតឹងតែងពីប៉ូលិសម៉ាឡេស៊ីទៀតផង៕
ប្រែសម្រួល៖ ម៉ែវ សាធី