ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំកងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបល្បែងកន្ទុយលេខ ដុះស្លែរនៅក្នុងបរិវេណផ្សារ ជិន ណាន ខាងក្រោយមណ្ឌលសុខភាពទឹកថ្លា ជាលទ្ធផលឃាត់មនុស្ស២នាក់ និងដកហូតសម្ភារល្មើសមួយចំនួនទៀតផងដែរ កាលពីវេលាម៉ោង៤និង៣០នាទីសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ដោយអនុវត្តតាមបញ្ជាណែនាំពីលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីអាវុធហត្ថមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌផងដែរ ។
លោក សាំង សុភៈវិចិត្រ បានមានប្រសាសន៍ថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅក្នុងមូលដ្ឋាន គឺដើម្បីអនុវត្តនូវគោលការណ៍ចំនួន៩ចំណុចរបស់រដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីចូលរួមការពារសុវត្ថិភាព នៃការរស់នៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សស្រី២នាក់ ដែលជាអ្នកកត់កន្ទុយលេខ នៅជាប់របងអតីតរោងចក្រ ជិន ណាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្ត្រីសង្ស័យទាំង២នាក់ ទី១ឈ្មោះប៊ុន ស្រីល័ក្ខ អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានក្រដាសកត់កន្ទយលេខមួយចំនួន តុច១ កៅអី១ ម៉ាសុីនគិតលេខ១ កន្រកជ័រ១ បុិចដើម បន្ទាត់១ និងប្រាក់ ចំនួន១៦០០០០រៀល ។ ចំណែកទី២ឈ្មោះប៊ូ ចំណាន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានក្រដាសសម្រាប់កត់កន្ទុយលេខមួយចំនួន តុ១ កៅអី១ ម៉ាសុីនគិតលេខ១ បុិច២ដើម បន្ទាត់១ កន្ត្រកជ័រ១ និងប្រាក់ចំនួន១៤៥០០០រៀល។
ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានរដ្ឋាភិបាលប្រកាសចាត់ទុកថា ជាអំពើខុសច្បាប់ ហើយត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសទូទាំងប្រទេសឲ្យកម្លាំងសមត្ថកិច្ចនៅតាមខេត្តក្រុងទាំងអស់ ត្រូវតែចាត់វិធានការបង្ក្រាបទាំងអស់ ដោយលើកមូលហេតុថា វាជាដើមចម (ដើមហេតុ) នៃការបង្កើតឲ្យមាននូវអំពើចោរកម្មគ្រប់រូបភាព និងមានអំពើហិង្សាក្នុងគ្រួសារ និងនាំឲ្យមានភាពក្រីក្រផងដែរ ដែលញាំញីសង្គម។
ល្បែស៊ីសងប្រភេទកន្ទុយលេខ ត្រូវបានគេប្រទះឃើញកើតមានគ្រប់ខេត្តក្រុងទាំងអស់ ហើយបទបញ្ជារបស់រដ្ឋាភិបាលដែលប្រកាសឲ្យបង្ក្រាបបានបរាជ័យជាលើកទី២ ដោយសារតែមេៗប៉ូលិស ប៉េអឹម តាមមូលដ្ឋានថ្នាក់ក្រោម ទទួលនូវប្រាក់សំណូកពីមេល្បែងទាំងនោះប្រចាំខែ ចំណែកឯតុលាការវិញចាប់បានមេល្បែងរួចយកលុយដោះលែងវិញ ក្រោមរូបភាពព្យួរទោស តែបើគ្មានលុយទើបដាក់គុក គេហៅថា អនុវត្តទោសតាមច្បាប់។ ពាក្យថា ពុករលួយរបស់តុលាការ វាកើតឡើងគ្រប់ខេត្ត ក្រុង។
ដោយឡែកការបង្ក្រាបល្បែងស៊ីសងប្រភេទកន្ទុយលេខនៅខណ្ឌសែនសុខ កាលពីពេលកន្លងទៅ ជួបប្រទះតែរឿងចាប់មេឆ្នោតបានតែ២ថ្ងៃ ត្រូវតុលាការដោះលែងមកវិញដដែល ទោះបីសារព័ត៌មានចុះផ្សាយព្រោងព្រាតតុលាការអត់ឈឺក្បាល។ ចំណែកឯមេឆ្នោតខ្លះមេប៉ូលិសខណ្ឌមិនបង្ក្រាបសោះតែម្តង មានពេលខ្លះច្រឡំចាប់បានហើយដោះលែងវិញ ហើយនៅទឹកថ្លាក៏ដូច្នេះដែរ ។
ទាំងអស់នេះ ត្រូវបានមហាជនចោទប្រកាន់ថា វាជាការប្រព្រឹត្តអំពើពុករលួយយ៉ាងច្បាស់ ព្រោះមេឆ្នោតតូចតាចចាប់ រីឯអ្នកមានលុយជាបក្ខពួក គេអត់ចាប់សោះ ហេតុអ្វី ? ៕ តុង សីហា
...