ខេត្តកំពង់ស្ពឺ៖ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ដែលធ្វើដំណើរកស៊ីតាមកំណាត់ផ្លូវជាតិលេខ៤ កាលពីពេលថ្មីៗនេះ បានចោទប្រកាន់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ដែលមានទីតាំងនៅចំណុចឃុំពេជ្រនិល ស្រុកភ្នំស្រួយ ខេត្តកំពង់ស្ពឺ ដែលក្រសួងសាធារណៈការ បានកាត់ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីសាធារណៈការខេត្តព្រះសីហនុនោះ ថា គឺជាកុងត្រូលជជុះដ៍ធំមួយ នៅលើកំណាត់ផ្លូវជាតិលេខ៤។
សេចក្ដីរាយការណ៍ថា មានរថយន្តដឹកលើសទម្ងន់ជាច្រើនត្រូវបានគេតម្រូវឲ្យបង់លុយមុនឡើងលើជញ្ជីង ហើយក្រុមមន្ត្រីបានប្រមូលយកលុយញាត់ហោប៉ៅ ដោយមិនចេញវិក័យបត្រ។ លើសពីនេះទៀត បើសិនជារថយន្តដឹកលើសទម្ងន់នោះជាបក្ខពួកពួកចាស់ ឬជាម៉ូយចាស់របស់គេ(មន្ត្រីជញ្ជីង) គឺគេគ្រាន់តែស៊ីញ៉ូដៃ ក៍បានធ្វើដំណើរទៅមុខយ៉ាងរលូន ដោយពុំចាំបាច់ឆ្លងកាត់ជញ្ជីងថ្លឹងឡើយ។
លោក សុខ សារឿន ប្រធានជញ្ជីងថ្លឹងរថយន្ដស្ទឹងច្រាល បានឲ្យប្រភពព័ត៌មានដឹងថា លុយដែពលរដ្ឋចូលទៅបង់នៅស្នាក់ការរបស់លោក គឺជាលុយដែលពួកគាត់ដឹកលើសទម្ងន់, ដូច្នេះពួកគាត់ត្រូវតែចូលទៅបង់លុយថ្លៃ បាយ ទឹក ភ្លើង ហើយមួយចំនួនទៀតខាងលោកត្រូវបង់ជូនទៅក្រសួងសាធារណការ និងលោកប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ចំណែកលុយសល់ពីនោះទុកសម្រាប់ចែកចាយដល់មន្ត្រីជញ្ជីងផ្ទាល់តែម្តង ។
ប្រភពពីមន្ត្រីនៅក្នុងស្ថានីយថ្លឹងរថយន្តស្ទឹងច្រាលបានលួចបង្ហើបថា ដោយសារទីតាំងនេះរកលុយបានស្រួល ដោយសារដាក់កុងត្រូលជជុះ ក្រោមរូបភាពជញ្ជីងថ្លឹងរថយន្តនោះ គឺមានការប្រកួតប្រជែងដណ្តើមគ្នាដើម្បីបានសិទ្ធិគ្រប់គ្រង រហូតដល់មានការវេចជាកញ្ចប់សំណែនទៅសូកប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ។ ក្នុងន័យនេះ បើភាគីណាមួយហ៊ានឲ្យសំណែនខ្ពស់នោះ ប្រាកដជាបានសិទ្ធិគ្រប់គ្រងកុងត្រូលជជុះ ក្រោមរូបភាពជញ្ជីងថ្លឹងឡាននេះហើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា លោកណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូុនខេត្តព្រះសីហនុ អាចមានលាភធំ ពីព្រោះមានគេរៀបចំសំណែនទៅសូកប៉ាន់ ដើម្បីបានឱកាសបន្តគ្រប់គ្រងកុងត្រុលជជុះនេះទៀតក្រោមរូបភាពជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលនោះ ។
កាលពីអំឡុងចុងឆ្នាំ២០១៦ កន្លងទៅ ជាផ្នែកដើម្បីការពារផ្លូវថ្នល់ដោយសាររថយន្តដឹកលើសទម្ងន់កំណត់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានតម្រូវឲ្យមានការដាក់តាំងស្ថានីយថ្លឹងរថយន្តទាំងអចល័ត និងចល័ត នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗទូទាំងប្រទេស ដើម្បីកម្រិតទម្ងន់ផ្ទុកនៅលើរថយន្ត។ ប៉ុន្តែបើដូចករណីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលខាងលើ មជ្ឈដ្ឋានពលរដ្ឋខ្លះបានលើកឡើងថា វាបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ កាន់តែអាក្រក់ដោយសារតែផ្លូវ នៅតែបន្តខូចដោយរថយន្តដឹកលើសទម្ងន់ ខណៈដែលជញ្ជីងថ្លឹងរថយន្តក្លាយជាកុងត្រូលជជុះដ៏កាកកប ។
គេមិនប្រាកដថា ក្រសួងសាធារណការ និងដឹកជញ្ជូនមិនបានដឹងអំពីការបង្កើតកុងត្រូលជជុះនៅក្នុងស្ថានីិយថ្លឹងរថយន្តស្ទឹងច្រាល ឃុំពេជ្រនិលឬយ៉ាងណានោះទេ ។ ប៉ុន្តែក្រសួងនេះគួរតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុអះអាងថា លោកមិនជាប់ជំពាក់នឹងរឿងពុករលួយនោះទេ ។ ផ្ទុយទៅវិញវាជាការទទួលខុសត្រូវរបស់លោក សុខ សារឿន និងសហការីនៅទីនោះ ៕ ហេង សូរិយា