ខេត្តបាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានស្រាវជា្រវ ឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនក្មេងទំនើង៣នាក់ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងប្រើប្រាស់អំពើហិង្សាយកដាវសាមូរ៉ៃកាប់លើយុវជនម្នាក់ បណ្តាលឱ្យផុងលលាដ៏ក្បាលរងរបួសធ្ងន់ ក្នុងជម្លោះរឿងរ៉ាវស្នេហាត្រីកោណ ខណៈពួកគេចេញពីក្លឹបរាំស្តាឡៃ ក្នុងក្រុងបាត់ដំបង កាលពីយប់អធ្រាត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ជនសង្ស័យដែលរងការចាប់ឃាត់ខ្លួនមានឈ្មោះ ១,ឈួន តុលា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជននេះជាអ្នកដៃដល់ ២,នឿន សូនិច ភេទប្រុសអាយុ ២០ឆ្នាំ ៣,ឡាក់ ចាន់រិទ្ធហៅតន្រ្តី ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ ស ពិរស ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
លោកអធិការបានប្រាប់ឱ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ រវាងក្រុមជនសង្ស័យ នឹងជនរងគ្រោះ បាននាំគ្នាចូលរាំលេងនៅក្នុងក្លឹបស្តាឡៃ ពាក់ព័ន្ធនិងដណ្តើមស្រីស្នេហ៍ ។ នៅពេលនោះ រវាងក្រុមជនសង្ស័យ នឹងជនរងគ្រោះបានឈ្លោះគ្នានៅក្នុងក្លឹប ។ បន្ទាប់មកពួកគេក៏បានចេញមកខាងក្រៅក្លឹបវាយគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែក្រុមជនសង្ស័យម្នាក់ជិះម៉ូតូមានដាវសាំម៉ូរ៉ៃមកកាប់ជនរងគ្រោះត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យរយះផុលលាដ៍ក្បាលរងរបួសធ្ងន់ ក្រោយពីបង្កហេតុរួចហើយក្រុមជនសង្ស័យក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ឈ្មោះ សរ ពិរស ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពទទួលកំហុសពួកគេពិតជាបានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបាននគរបាលក្រុងបាត់ដំបងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានប្រហែល១ឆ្នាំចុងក្រោយនេះ ក្រុមក្មេងទំនើងនៅខេត្តបាត់ដំបងត្រូវគេមើលឃើញថា ហាក់បីដូចជាកំរើកឡើងវិញ បង្កការអុកឡុកនៅពេលយប់ធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច ។ ទន្ទឹមគ្នានោះក្មេងជាង៧០នាក់នោះហើយត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនផងដែរ ៕ សំ វិច្ឆិកា