ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចកាច់សោ កម៉ូតូ១គ្រឿងបានសម្រេច តែជិះបានកន្លះថ្ងៃម៉ូតូក៏អស់សាំង រួចហើយត្រូវបានមិត្តភក្តិជនរងគ្រោះឃើញឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីរងគ្រោះមានឈ្មោះជុង ចាន់ណារី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងជាម្ចាស់ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FJ-0709 ។ ចំណែកជនសង្ស័យមាន ទី១ឈ្មោះចាន់ រ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ខៀវ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុម៉ោងប្រហែលជិត៧ព្រឹក រូបគាត់បានក្រោកពីដេក ហើយដើរចុះពីលើផ្ទះមកក្រោម ខណៈនោះគាត់ស្រាប់តែបាត់ម៉ូតូរបស់គាត់ដែលទុកនៅក្រោមផ្ទះ ។ នារីរងគ្រោះបានប្រាប់បន្តថា ក្រោយមករូបគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋានស្ទឹងមានជ័យ ដើម្បីជួយអន្តរាគមន៍ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះគឺ ដោយសារតែជនសង្ស័យទាំងពីរនាក់ក្រោយពីលួចកាច់សោ.កម៉ូតូបានសម្រេចហើយ ពួកគេជិះម៉ូតូបានតែកន្លះថ្ងៃក៏អស់សាំងនៅព្រឹកថ្ងៃទី២៤ ដោយជនសង្ស័យបានបណ្ដើរម៉ូតូ ស្របពេលនោះមានមិត្តភក្តិជនរងគ្រោះឃើញនិងស្គាល់ម៉ូតូ ក៏ឃាត់ខ្លួនជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្ដិ៍បឹងកក់២ ។ ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់២ បានប្រគល់ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង(ម៉ូតូនិចមួយគ្រឿង)ឲ្យមកប៉ុស្ដិ៍ស្ទឹងមានជ័យចាត់ការបន្តតាមច្បាប់ ព្រោះករណីខាងលើជាដើមបណ្ដឹងមូលដ្ឋានរបស់ប៉ុស្ដិ៍ស្ទឹងមានជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចប៉ុសិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ កំពុងឃាត់ខ្លួននិងកសាងសាណុំរឿងដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកឯម៉ូតូ សមត្ថកិច្ចបានប្រគល់ឲ្យនារីរងគ្រោះយកទៅវិញផងដែរ៕ ភារ៉ា ដង្កោ
...