យុវតី២នាក់ជាប់ពាក់ព័ន្ធថ្នាំញៀន៣កញ្ចប់ធំពីម្សិលមិញត្រូវនគរបាលបញ្ជូនទៅកាន់តុលាការនៅព្រឹកនេះ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវតី២នាក់បងប្អូនបង្កើតនឹងគ្នាដែលសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនកាលពីម្សិលមិញរួមជាមួយថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដបានឲ្យដឹងថា យុវតី២នាក់ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលនោះ ទី១-ឈ្មោះ អ៊ុង ស្រីនាថ ហៅនិត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ អ៊ុង ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ យុវតី២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិចំពោះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបន្ដថា យុវតីទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនបានកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ ក្នុងប្រតិបត្ដិការឃាត់ខ្លួនយុវតីទាំង២នាក់នេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ធំ, ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-4922 , កាបូបស្ពាយ១, សម្ភារវិចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

មន្រ្ដីនគរបាលប្រឆាំងគ្រឿងញឿនស្រុកស្អាងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថា នៅក្នុងភូមិឃុំព្រែកគយមានជនសង្ស័យធ្វើសកម្មភាពជួញដូរគ្រឿងញៀនរួចមកលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលជំនាញចុះធ្វើការស្រាវជ្រាវដោយអនុវត្ដតាមបទបញ្ជារបស់លោកឧត្ដសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...

kdal (2) kdal (1) kdal (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print