ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកសន្ទុក ចុះពិនិត្យទីតាំងហាងខារ៉ាអូរខេរបស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដោយសង្ស័យបានផ្តល់ទីតាំងនេះឲ្យមានការចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីខារ៉ាអូខេ៩នាក់និងមេការប្រុស២នាក់ បញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរ បាលស្រុកសន្ទុកកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៧ ។
លោកវរសេនីយទោ ងួនហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ការចុះ បង្ក្រាបទីតាំង ខារ៉ាអូរខេរបស់លោកអ៊ឹម ឆន អភិបាលរងស្រុកសន្ទុកនេះ សមត្ថកិច្ចបានទទួលការសម្របសម្រួលពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ធំហើយបានចុះត្រួតពិនិត្យឆែកឆេរ ។ ក្នុងនោះរកឃើញថ្នាំ១កញ្ចប់ធំ តម្លៃ៤០ម៉ឺនរៀល នៅនិងនារីបំរើខារ៉ាអូខេឈ្មោះស្រីល័ក្ខ បន្ទាប់មកឈានទៅ ឃាត់ខ្លួននារីបម្រើការចំនួន៩នាក់ និងមេការប្រុស២នាក់ ហើយនារី៨នាក់ត្រូវបានយកទៅធ្វើតេស្ត ទឹកនោមតែរកពុំមានសារជាតិញៀន ។ ចំណែកមេការ២នាក់ និងស្ត្រីជួញដូរម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំនុំរឿងបញ្ចូនទៅតុលាការ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តខេត្តកំពង់ធំបានឲ្យដឹងថា ការដែលសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេនេះ នៅក្រោយមានការប្រើអំពើហិង្សាទៅលើភ្ញៀវកាលពីយប់ដោយសង្ស័យមានប្រើថ្នាំញៀន និងចែកចាយគ្រឿងញៀននៅក្នុង ទីតាំងខារ៉ាអូខេ ក្នុងហាង (សុបិន្ដល្អ) (១៦៨) លោកក៏បានសម្របសម្រួលឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈម្ចាស់ហាង២នាក់ប្តីប្រពន្ធបានគេចខ្លួនបាត់ស្រមោល ។
លោកបញ្ជាក់ថា ចំពោះហាងខាងលើនេះ យើងសម្រេចបិទជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីស៊ើបអង្កេត និងស្រាវជ្រាវបន្ត ៕ ប៊ុន រិទ្ធី