ភាគីថៃនៅតែប្រកាន់គោលជំហរបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរ ចំណែកបញ្ហាពន្ធនាំត្រីចូលប្រទេសថៃ ភាគីថៃបានឯកភាពតាមសំណើភាគីកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងជំនួបពិភាក្សាដោះស្រាយបញ្ហាតានតឹងកើតរវាងសមត្ថកិច្ចថៃ និងអាជីវករខ្មែរ ទៅលើបញ្ហាថៃបង្រ្កាបអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរនៅផ្សាររុងក្លឿ និងការទារពន្ធរបស់អាជីវករខ្មែរនាំត្រីចូលប្រទេសថៃខ្ពស់ពេក នាំឱ្យមានការតវ៉ាប្រឆាំង និងសមត្ថកិច្ចថៃជាបន្តបន្ទាប់រយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ នៅច្រកអន្តរជាតិប៉ោយប៉ែត ។

បញ្ហាតានតឹងនោះ ត្រូវគេមើលឃើញថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ ប្រញាប់នាំគ្នាបើកកិច្ចជុំមួយដើម្បីដោះស្រាយលើបញ្ហានោះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាកងទ័ពមណ្ឌល១៩ របស់ថៃ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ។ ប៉ុន្តែក្នុងកិច្ចប្រជុំដោះស្រាយរវាងភាគីទាំងពីរ ត្រូវគេរាយការណ៍ឱ្យដឹងថា បានទទួលនូវលទ្ធផលវិជ្ជមាននិងអវិជ្ជមាន។

កិច្ចប្រជុំភាគីកម្ពុជា ដឹកនាំប្រតិភូ ដោយលោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ចំណែកភាគីថៃដឹកនាំប្រតិភូដោយលោក ក្លាណារ៉ុង ផុងចារ៉ើន អភិបាលខេត្តស្រះកែវ ។ លទ្ធផលអវិជ្ជមានក្នុងជំនួបប្រជុំ អាជ្ញាធរថៃបានប្រកាន់គោលជំហរបន្តបង្រ្កាបអីវ៉ាន់ទំនិញរំលោភកម្មសិទ្ធិបញ្ញា របស់អាជីវករខ្មែរនៅផ្សាររុងក្លឿ ភាគីថៃ គេអះអាថា ដោយសាតតែថ្នាក់លើរបស់គេបញ្ជាយ៉ាងម៉ឺងម៉ាត់ ត្រូវតែបង្រ្កាបទំនិញអីវ៉ាន់ទំនិញខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា ករណីនេះមិនថ្នាក់លើរបស់ថៃមិនលើកលែងនោះឡើយ។

ទោះបីភាគីកម្ពុជាស្នើសុំឱ្យភាគីថៃឱ្យមានការយោគយល់ផ្អាកសកម្មភាព ឬពន្យារពេលនៃការបង្រ្កាបនោះសិនយ៉ាងណាក៏ដោយនោះ។ ចំណែកលទ្ធផលវិជ្ជមានគឺបញ្ហាការនាំចូលត្រីទៅកាន់ប្រទេសថៃរបស់អាជីវករខ្មែរ គយថៃទារពន្ធខ្ពស់ពេក ។ បញ្ហានេះ ភាគីថៃគេបានសម្របសម្រួល និងមានការយោគយល់អនុញ្ញាតឱ្យអាជីវករខ្មែរនាំត្រីចូលលក់នៅផ្សាររុងក្លឿលក់ដូរជាធម្មតាឡើងវិញ។

លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា កិច្ចប្រជុំជាមួយភាគីថៃកាលពីរសៀល មាន២ចំណុច ត្រូវយកទៅដោះស្រាយ ទី១,ពាក់ព័ន្ធនិងទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា ទី២,ពាក់ព័ន្ធនឹងការតវ៉ារបស់អាជីវករខ្មែរនៃការទារពន្ធនាំត្រីចូលប្រទេសថៃខ្ពស់ពេកពីសំណាក់គយថៃ ។

លោកប្រាប់ឱ្យដឹងទៀតថា បញ្ហាការលក់ទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា របស់អាជីវករខ្មែរ ភាគីថៃគេនៅតែបន្តបង្រ្កាប មិនឯកភាពទៅនឹងអ្វីដែលភាគីកម្ពុជាស្នើសុំឱ្យផ្អាកសកម្មភាព រឺពន្យារពេលនៃការបង្រ្កាបនោះឡើយ។

លោកសុំឱ្យអាជីវករខ្មែរត្រូវបិទតូបមួយរយៈសិនដើម្បីបញ្ចៀសកុំឱ្យសមត្ថកិច្ចថៃបង្រ្កាបឃាត់ខ្លួនអាជីករខ្មែររបស់យើង រងចាំការដោះស្រាយរវាងថ្នាក់លើនៃប្រទេសទាំងពីរជាជំហ៊ានបន្តបន្ទាប់បទៀត ថាតើឱ្យអាជីវករខ្មែរបន្តលក់ទំនិញអីវ៉ាន់នៅសេសសល់ឱ្យអស់នោះសិន រឺក៏ត្រូវយកទំនិញអីវ៉ាន់ដែលរងការចោទថារំលោភកម្មសិទ្ធិបញ្ញា ត្រឡប់ចូលដីខ្មែរវិញ។

នៅពេលនោះដែរភាគីកម្ពុជាយើងស្នើសុំទៅភាគីថៃកុំឱ្យមានការចាប់ឃាត់ខ្លួនអាជីវករខ្មែរនៅពេលបង្រ្កាបទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា។ចំណុចនេះភាគីថៃគេបានយល់ព្រម ប៉ុន្តែភាគីថៃគេស្នើឱ្យភាគីកម្ពុជាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អាជីវករខ្មែរដើម្បីបញ្ឈប់នៃការនាំចូលទំនិញអីវ៉ាន់ហាមឃាត់ខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាយកមកលក់ដូរនៅក្នុងបរទេសថៃតទៅទៀត។ ដោយឡែកបញ្ហាការនាំត្រីចូលប្រទេសថៃរបស់អាជីវករខ្មែរ ភាគីថៃគេបានសម្របសម្រួលយល់ព្រមនិងភាគីកម្ពុជា អនុញ្ញាតឱ្យមានការនាំចូលត្រីលក់ជាធម្មតា។

សូមបញ្ជាក់ថានៅច្រកអន្តរជាតិប៉ោយប៉ែតក្នុងមួយរយៈចុងក្រោយនេះបានបង្កឱ្យមានភាពតានតឹងជាខ្លាំងរវាងសមត្ថកិច្ចថៃ និងអាជីវករខ្មែរនាំត្រីចូលទៅប្រទេសថៃនិងអាជីវករខ្មែរ លក់ដូរទំនិញអីវ៉ាន់នៅផ្សាររុងក្លឿ។ ពាក់ព័ន្ធនិងថៃទារប្រាក់ពន្ធនាំចូលត្រីខ្ពស់ពេកខុសពីសព្វមួយដង និងថៃចុះបង្រ្កាបទំនិញអីវ៉ានរបស់អាជីវករខ្មែរនៅផ្សាររុងក្លឿ ។

ការបង្រ្កាបកន្លងមកអាជីវករខ្មែរម្នាក់រងការចាប់ឃាត់ខ្លួនផងដែរដោយចោទប្រកាន់ថាលក់ទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា។ បញ្ហាប្រឈមតានតឹងដាក់គ្នាបែបនោះនាំឱ្យអាជីវករខ្មែរនៅផ្សាររុងក្លឿបានប្រមានធ្វើបាតុកម្មបិទច្រកអន្តរជាតិប៉ោយប៉ែត ប្រឆាំងនិងការនាំទំនិញថៃចូលមកប្រទេសកម្ពុជាម្តងរួចមកហើយ ប៉ុន្តែត្រូវដកថយទៅវិញដោយសាររងចាំការដោះស្រាយសម្របសម្រួលគ្នារវាងភាគីកម្ពុជានិងថៃនោះសិន។ លុះក្រោយមកកើតមានបញ្ហាគយថៃទារប្រាក់បង់ពន្ធនាំត្រីខ្ពស់ពេក ក៏មានការតវ៉ារបស់អាជីវករខ្មែរដែលជាអ្ននាំត្រីចូលប្រទេសថៃហើយឈានដល់ការបិទច្រកមានរយៈពេល២ថ្ងៃ ថែមទៀតនោះផងដែរ ។

ពាក់ព័ន្ធនឹងការប្រកាន់ជំហរបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរនៅផ្សាររុងក្លឿគេរង់ចាំមើលថា តើនិងមានស្ថានការណ៍ថ្មីៗនឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅច្រកអន្តរជាតិប៉ោយប៉ែតនោះ ៕ សំ វិច្ឆិកា

...

thailand (5) thailand (10) thailand (9) thailand (6) thailand (11) thailand (12) thailand (7) thailand (8) thailand (4) thailand (1) thailand (2) thailand (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print