ភ្នំពេញ៖ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែថាមពលកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកមន្ត្រីជំនាញរបស់ខ្លួនចុះផ្អាក់អាជីវកម្មខ្សាច់ជីកយកអាចម៍ដីនៅ ក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅភូមិសិរីសម្បតិ្ត សង្កាត់គងនយ ខណ្ឌដង្កោ ដោយលើកមូលហេតុថាម្ចាស់អាជីវកម្មមិនគោរពតាមការណែនាំរបស់ក្រសួង និងអនុវត្តមិនត្រឹមត្រូវតាម បទដ្ឋានរបស់ក្រសួង។
លោក ហេង ចាន់ធួន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននគរដ្រេហ្គនថា ម្ចាស់ទីតាំងឈ្មោះលោក កន សុវណ្ណ គាត់មិនបានគោរពតាមការណែនាំរបស់ក្រសួងគឺ ទី១/ឡានដឹកដីមិនគ្របឲ្យបានត្រឹមត្រូវវាបណ្តាលឲ្យធ្លាក់អាចម៍ដីពេញផ្លូវ ទី២/មិនស្រោចទឹកផ្លូវបណ្តាលឲ្យហុយរអិល។ លោកថា ទីតាំងនេះមានអាជ្ញាបណ្ណអនុញ្ញាតពីក្រសួងរហូតដល់ឆ្នាំ២០១៨។
លោក ហេង ចាន់ធួន បានបញ្ជាក់ប្រាប់ស្ត្រីមេការថា ដោយឃើញមានការផ្សាយ តាមទូរទស្សន៍ វាជាហេតុធ្វើឲ្យមន្ត្រីនៅស្ងៀមមិនបាននិងមានការបញ្ជាពីថ្នាក់លើផងនោះ ទើបនៅរសៀលថ្ងៃនេះ លោកដឹកនាំមន្ត្រីជំនាញចុះធ្វើកំណត់ហេតុផ្អាក់ធ្វើអាជីវកម្មជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍តម្រូវឲ្យម្ចាស់អាជីវកម្មអនុវត្តតាមបទដ្ឋានលកិ្ខណៈបច្ចេកទេសគឺផ្អាក់ពីថ្ងៃទី២៨ កុម្ភៈ រហូតដល់ថ្ងៃទី៦ មិនា ឆ្នាំ២០១៧៕ តាឡឹម